Aum ជួបរឿងផ្ទួនៗ ដល់ថ្នាក់បង្ហោះសារឱ្យមហាជនប្រុងប្រយ័ត្ន ដើម្បីកុំឱ្យអស់លុយកាក់ដូចនាង
ពិតជារឿងដ៏មិនស្មានដល់សម្រាប់កំពូលតារាស្រីលំដាប់ប្រទេស Aum Patchrapa បន្ទាប់ពីពេលថ្មីៗនេះ ត្រូវបានជនឆបោក ទៅប្រើល្បិចបោកប្រាស់ដល់មុខផ្ទះ។ ជាម្តងទៅពីរដងហើយ ដែលអ្នកផ្ទះរបស់នាង ត្រូវបានអស់លុយដោយសារការបោកប្រាស់នេះ។
តួយ៉ាងថ្មីៗនេះទៀត អ្នកផ្ទះរបស់នាងក៏ស្រាប់តែជួបរឿងបែបនោះទៀត តែហាក់ជាដឹងល្បិចឆបោកនោះ ទើបធ្វើឱ្យមិនខាតបង់លុយកាក់ដូចពីមុន។ ដូចគ្នានោះ តារាស្រី Aum បានបង្ហោះប្រាប់មហាជនពីល្បិចបោកប្រាស់ទាំងនោះដើម្បីឱ្យមានការប្រុងប្រយ័ត្នផងដែរថា ៖ «មានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់មួយ យករបស់ឱ្យដល់មុខផ្ទះ ហើយទារលុយក្នុងតម្លៃពាន់ៗបាត ហើយក្នុងនោះអ្នកផ្ទះនាង ក៏ធ្លាប់បានចាយលុយអស់ទៅ ២ ដង ដូចគ្នា ព្រោះគិតថារបស់នោះ នាងជាអ្នកដែលកុម្ម៉ង់។ ដោយឡែក ស្រាប់តែថ្មីៗនេះ រឿងនោះក៏កើតឡើងម្ដងទៀត តែអ្នកបម្រើផ្ទះនាងដឹងមុន ក៏បានសួរនាំ តែបន្ទាប់ពីសួរនាំហើយ បុគ្គលនោះក៏បើកម៉ូតូចេញទៅយ៉ាងលឿន។ ដូចនេះ គួរតែប្រុងប្រយ័ត្ន ព្រោះថាមួយរយៈនេះ ជួបរឿងបែបនេះញឹកញាប់ណាស់»។
ក្រោយពីបង្ហោះសារដាស់តឿន នេះឡើង គេឃើញថាមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថាធ្លាប់បានជួបដូចគ្នា អ្នកខ្លះក៏បានបញ្ចេញមតិព្រួយបារម្ភជុំវិញរឿងនេះផងដែរ។ ជាមួយគ្នានោះ គេក៏ឃើញមានហ្វេនៗ របស់នាងខ្លះបញ្ចេញមតិអរគុណដល់តារាស្រី Aum ដែលបានចេញមកដាស់តឿនជាក្រើនរំឭកដើម្បីឱ្យប្រុងប្រយ័ត្ន៕