ផ្ទុះការសសើរ! ចេញពីធ្វើទាហានភ្លាម Park Bo Gum ស្ទុះជួយនៅមណ្ឌលកុមារកំព្រាភ្លែត
Park Bo Gum ដែលជាតារាសម្ដែង និង ពិធីករមួយដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកូរ៉េ ដែលទើបតែនឹងចេញពីការធ្វើជាទាហានដើម្បីបម្រើជាតិរយៈពេល ១ ឆ្នាំជាងចប់ កាលពីថ្ងៃទី ៣០ ខែមេសា នេះ ហើយគេក៏បានបង្ហាញមុខជាសាធារណៈសារជាថ្មីក្នុងកម្មវិធី « Baeksang Arts Awards » នៅថ្ងៃទី ៦ ខែឧសភា ថ្មីៗនេះផងដែរ។
ដោយឡែក កាលពីថ្ងៃទី ១៧ ខែឧសភា នេះ មានការចែកចាយរូបភាពរបស់ Bo Gum បានត្រឡប់ទៅធ្វើការងារមនុស្សធម៍របស់ខ្លួនក្នុងការជួយកុមារៗដែលកំពុងតែខ្វះខាតនៅឯមណ្ឌលកុមារកំព្រា « Myeongjin Deul Flower Love Village » ដែលជាកន្លែងដែលរូបលោក និងអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាផលិតកម្ម Blossom បានជួយជាយូរមកហើយ។
តួយ៉ាង មណ្ឌលកុមារកំព្រាផងដែរនោះក៏បានចេញរបាយការណ៏មួយសម្រាប់សម្ដែងការអរគុណទៅដល់ Park Bogum ដោយនិយាយថា៖ «ការបរិច្ចាគនេះនឹងជួយទៅដល់កុមារដែលខ្វះខាត។ អរគុណសម្រាប់ការគាំទ្រ និងជួយមិនចេះចប់របស់អ្នកដោយលោកខ្លួនឯងផ្ទាល់បានរៀបចំដោយផ្ទាល់នូវរបស់របរដែលអ្នកគាំទ្រខ្លួនផ្ញើមក មកកាន់មណ្ឌល»។
ជាមួយគ្នាផងដែរនោះ អ្នកតំណាងមកពីមណ្ឌលនោះក៏បានបញ្ចេញមតិផ្ទាល់ខ្លួនផងដែរថា៖ « ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Park BoGum និងអ្នកគាំទ្ររបស់គាត់សម្រាប់ការស្ម័គ្រចិត្តអស់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែនៅពេលណាដែលយើងអរគុណគាត់ គាត់តែងតែតបថានេះវិញថា នេះក៏ជាការអរគុណដល់អ្នកគាំទ្រគាត់ផងដែរ»។
គួឱ្យដឹងផងដែរថា តារារូបនេះបានចាប់ផ្ដើមធ្វើការស្ម័គ្រចិត្ដឯកជននៅក្នុងមណ្ឌលកុមារកំព្រាចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ ហើយរូបលោកបានគ្រោងនឹងជួបក្មេងៗមុនពេលខ្លួនចូលបម្រើយោធាក្នុងខែសីហា កាលពីឆ្នាំ ២០២០ កន្លងទៅនេះ ប៉ុន្តែរូបលោកមិនបានចូលរួមវិញ ដោយសារតែពេលនោះមានការបិទខ្ទប់ និងមានជម្ងឺរាតត្បាត កូវីដ-១៩៕