ទម្រាំបាន debut តារា K-POP ល្បីឈ្មោះទាំង ៧ រូបនេះ ធ្លាប់ត្រូវ JYP បដិសេដយ៉ាងស្មានមិនដល់!
រាល់ការបដិសេធដើម្បីក្លាយជា Trainee ប្រចាំផលិតកម្មណាមួយ មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ អ្នកខ្លះអាចយករឿងទាំងនោះមកធ្វើជាបទពិសោធ និង រៀនសម្រាប់អភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរឡើង។ ម្យ៉ាងវិញទៀត Trainee ទាំងនោះ ក៏អាចនឹងជ្រើសរើសផលិតកម្មផ្សេងណាដែលមានភាពស័ក្តិសម និង អាចធ្វើឱ្យគេល្បីបាន។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញតារា K-POP ល្បីៗមកពីក្រុម និង ផលិតកម្មផ្សេងៗគ្នាចំនួន ៧ រូប ធ្លាប់ទទួលបានការបដិសេធដើម្បី debut ពីផលិតកម្ម JYP ៖
១. តារាចម្រៀងទោលស្រី IU
ទម្រាំបានក្លាយជាតារាចម្រៀងទោលដ៏ល្បីប្រចាំប្រទេសកូរ៉េមួយរូប IU ធ្លាប់ជាក្មេងម្នាក់ដែលបានឆ្លងកាត់ audition ជាមួយនឹងផលិតកម្មជាច្រើនរួចមកហើយ ហើយក៏ធ្លាប់មានផលិតកម្ម JYP មួយផងដែរ ប៉ុន្តែគួរឱ្យសោកស្ដាយ នាងត្រូវបានផលិតកម្ម JYP បដិសេធ។
២. Hyolyn អតីតមេក្រុម Sistar
ជាមួយគ្នា Hyolyn ក៏ធ្លាប់បានដាក់ប្រឡងទៅផលិតកម្មជាច្រើនផងដែរ ហើយមួយក្នុងចំណោមនោះក៏មានផលិតកម្ម JYP ដូចគ្នា តែក៏ត្រូវបានបដិសេធ។ ចុងក្រោយនាងត្រូវបាន debut នៅផលិតកម្ម Starship និង ក្លាយជាមេក្រុមនៃក្រុម Sistar។
៣. Hani ក្រុម EXID
Hani ទទួលបានការចាប់អារម្មណ៍បានខ្លះដែរពីផលិតកម្ម JYP ដោយសារតែទេពកោសល្យ និង ជំនាញរបស់នាង ប៉ុន្តែនាងមិនត្រូវបានទទួលយក trainee នោះទេ។ ទីបំផុតនាងបានទទួលការចូលជា trainee ក្នុងផលិតកម្ម Banana Culture ដែលជាកន្លែងដែលនាងបាន debut និងក្លាយជាសមាជិក EXID ។
៤. Sungjae ក្រុម BTOB
រីឯ Sungjae មុននឹងក្លាយខ្លួនជាសិល្បកររបស់ផលិតកម្ម CUBE និង ជាសមាជិករបស់ BTOB ដូចសព្វថ្ងៃ លោកក៏ធ្លាប់បានដាក់ពាក្យប្រឡងដើម្បីក្លាយជា trainee នៅក្នុងផលិតកម្ម JPY ហើយក៏ត្រូវបានការបដិសេធដូចទៅនឹងអ្នកផ្សេងៗខាងលើដូចគ្នា។
៥. Xuimin ក្រុម EXO
ក្រុម EXO គឺជាក្រុមមួយដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្ម SM ជាមួយគ្នានោះ មុននឹង Xuimin បានចូលមក SM ខ្លួនក៏ធ្លាប់បានចូលទៅប្រឡងនៅក្នុងផលិតកម្ម JPY ដែរ ប៉ុន្តែត្រូវបានគេបដិសេធ។
៦. តារាចម្រៀងទោលប្រុស Dean
Dean បានចូលប្រឡងនៅផលិតកម្ម JYP តាំងពីខ្លួនមានអាយុ ១៧ ឆ្នាំ ក្នុងឆ្នាំ ២០០៩ មកម្ល៉េះ ហើយត្រូវបានគេបដិសេធ។ បន្ទាប់មកគេត្រូវបានជួលជាអ្នកនិពន្ធបទចម្រៀងនៅអាយុ ២០ ឆ្នាំ នៅឯទីក្រុង LA សម្រាប់ក្រុមតន្ត្រី Jhoombas ហើយគេក៏បានសរសេរបទចម្រៀងដូចជា «Black Pearl» របស់ EXO និង «Voodoo doll» របស់ VIXX ផងដែរ។ ក្រោយមកក្នុងឆ្នាំ ២០១៥ គេបានបង្ហាញខ្លួនជាសិល្បករទោលនៅសហរដ្ឋអាមេរិក និង ប្រទេសកូរ៉េ ហើយមានភាពជោគជ័យចាប់តាំងពីពេលនោះមក។
៧. J-Hope ក្រុម BTS
ចំណែកឯ J-Hope មុនពេលក្លាយជាសមាជិកក្រុម BTS នៅក្រោមផលិតកម្ម BigHit គេបានក៏ធ្លាប់បានប្រឡងក្នុងផលិតកម្ម JYP ផងដែរ ប៉ុន្តែត្រូវបានបដិសេធ។ បន្ទាប់មកគេក៏បានក្លាយជាសមាជិកនៃក្រុមរាំតាមដងផ្លូវមួយដែលមានឈ្មោះថា NEURON។ ចុងក្រោយ J-Hope បានក្លាយជាសមាជិកក្នុងក្រុមដ៏ល្បី BTS ចាប់តាំងពីឆ្នាំ ២០១៣ មក៕