សពកូនមិនទាន់បូជាផង ម្តាយ Tangmo ទម្លាយថានាងទៅចាប់ជាតិជាមួយនឹងបងថ្លៃនាងបាត់ហើយ
ក្រោយពីការស្លាប់អស់រយៈពេល ៣ ខែរបស់តារាស្រី Tangmo នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ សពរបស់នាងនឹងត្រូវគេយកទៅបូជាហើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រសង្វេគចិត្តជាខ្លាំង។
យ៉ាងណាមិញ ជាមួយគ្នានេះ ម្តាយរបស់នាង ក៏ហាក់ស្រណោះស្រណោកកូនស្រីមិនស្ទើរដែរ តែថ្មីៗនេះ លោកស្រីក៏បានឆ្លៀតទម្លាយឱ្យដឹងថា ខ្លួនមានដំណឹងល្អ គឺភរិយារបស់កូនប្រុសរបស់ខ្លួន ដែលត្រូវជាបងប្រុសបង្កើតរបស់ Tangmo ពេលនេះ កំពុងតែមានផ្ទៃពោះចំនួន ៣ ខែហើយ ដោយវាមានរយៈពេលប្រហាក់ប្រហែលទៅនឹងពេល Tangmo បានបាត់បង់ជីវិត ទើបធ្វើឱ្យលោកស្រីជឿថាជានាងកំពុងតែមកចាប់កំណើតវិញហើយ។
យ៉ាងណាមិញ កន្លងមក លោកស្រីក៏តែងតែជឿថា កូនស្រីសំណព្វចិត្តមិនទាន់ទៅណានោះទេ នាងនៅផ្ទះជាមួយគាត់នៅឡើយ ហើយមុននឹងទៅណា ក៏ដូចជាមុនធ្វើអ្វីមួយ លោកស្រីតែងតែនិយាយប្រាប់នាងជានិច្ច ហាក់ដូចជានាងនៅមានជីវិតដូច្នោះឯង។
ដោយឡែក ចំពោះពិធីបូជាសពវិញ ម្តាយរូបនេះ ក៏បានផ្តាំផ្ញើទៅអ្នកដែលរួមទូកជាមួយ Tangmo នៅថ្ងៃកើតហេតុដែរថា លោកស្រីអនុញ្ញាតិឱ្យពួកគេមកចូលរួមពិធីបាន ព្រោះមានអ្នកខ្លះបានទូរស័ព្ទមកសួរមុនហើយ ហើយក៏ផ្ញើសួរទៅអ្នកផ្សេងទៀតដែរ ថានឹងមកចូលរួមបានឬទេ តែមើលទៅម៉ោងពេលវេលានៃការធ្វើពិធីអាចនឹងប្រែប្រួលទៀតក៏ថាបាន៕