Inn Sarin ពោលបែបនេះ ក្រោយកុងត្រា ៤ ឆ្នាំ ជាមួយប៉ុស្តិ៍លេខ ៣ បានបញ្ចប់
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រភេទ BL ភាគច្រើនមុខជាបានស្គាល់ច្បាស់ Inn Sarin តារារះថ្មីប្រចាំប៉ុស្តិ៍លេខ ៣ ដែលកំពុងមានប្រជាប្រិយភាព ជាពិសេសតាមរយៈរឿង «The Miracle of Teddy Bear» ដែលទើបបញ្ចាំងចប់នាពេលថ្មីៗនេះ។
Inn Sarin ឬ តួនាយ ខ្លាឃ្មុំអព្ភូតហេតុ ដែលបានប្រែខ្លួនពីតុក្កតាក្លាយជាមនុស្សមានជីវិតរូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ជាតារាប្រុសដែលអាចនឹងល្បីខ្លាំងនាពេលអនាគត ព្រោះតែមានទាំងរូបសម្បត្តិ និង សមត្ថភាព។
យ៉ាងណាមិញ ប្រិយមិត្តភាគច្រើនក៏ហាក់ព្រួយបារម្ភដូចគ្នា ក្រោយបែកធ្លាយដំណឹងថាកុងត្រារបស់លោកជាមួយប៉ុស្តិ័លេខ ៣ ពេលនេះគឺត្រូវបានបញ្ចប់ហើយ។
ជុំវិញបញ្ហានេះ Inn បានចេញមុខបកស្រាយថា ៖ «ពេលនេះកុងត្រាជាមួយប៉ុស្តិ៍លេខ ៣ គឺបានចប់ពិតមែន តែគឺស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយទេ មិនទាន់មានការសម្រេចណាមួយឡើយ ថាបន្ត ឬ បញ្ឈប់។ ខ្ញុំព្រមទទួលស្គាល់ថាមានបណ្តាក្រុមហ៊ុន និង ប៉ុស្តិ៍ផ្សេងបានមកទាក់ទងសួរនាំដូចគ្នា។ ជាពិសេសអ្នកគាំទ្រ បានបង្ហាញការព្រួយបារម្ភខ្លាចខ្ញុំឈប់ពីសិល្បៈ ក្រោយផុតកុងត្រា»។
«អ្វីដែលតបបានពេលនេះ គឺខ្ញុំមិនបោះបង់ចោលសិល្បៈឡើយ ការងារសិល្បៈគឺនៅបន្ត ដោយខ្ញុំកំពុងសម្លឹងមើលទៅមុខ ហើយវិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែប្រសើរ ហើយនឹងជ្រើសរើសអ្វី ដែលសមស្របស័ក្តិសមជាមួយខ្លួនឯង។ ចំពោះរឿងកុងត្រា ខ្ញុំនឹងរង់ចាំមើលការចរចាលក្ខខណ្ឌផ្សេងៗ មុននឹងឆ្លើយប្រាប់ថា បន្ត ឬ បញ្ឈប់»៕
ប្រភព៖ Teenee