Grace ទើបដាច់ចិត្តទម្លាយអារម្មណ៍លើកដំបូង ក្រោយបែកគ្នាជាមួយតារាប្រុសរូបនេះជាង ៧ ឆ្នាំ
ប្រិយមិត្តពិតជាបានស្គាល់ហើយ Grace Karnklao គឺជាតារាសម្តែងស្រីវ័យ ៣៣ ឆ្នាំ ដែលមានរូបសម្រស់ស្រស់ស្អាត កម្ពស់ ១.៧៥ ម និយមលេងខ្លួនសិចស៊ី ចាយរាងបង្អួតភ្នែកកន្លង់ឱ្យឈ្លក់វង្វេង។
តារាស្រីរាងស្រឡូនរូបនេះ បានសាងប្រជាប្រិយភាពតាមរយៈ ស្នាដៃរឿងល្បីៗជាច្រើន ជាពិសេសរឿងចុងក្រោយ «Drag, I Love You» ដែលទើបបញ្ចាំងចប់។ ថ្មីៗនេះ Grace បានចូលផ្តល់បទសម្ភាសជាមួយកម្មវិធី Club Friday Show ដោយបានបើកចិត្តនិយាយពីប្រវត្តិស្នេហ៍ និង បទពិសោធជីវិតមួយចំនួន។
ក្នុងនោះ Grace បានរំលឹកពីប្រវត្តិស្នេហ៍ជាមួយតារាប្រុស Kong Karoon ដែលបានបែកបាក់គ្នាមកអស់រយៈពេលជាង ៧ ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ ២០១៥ មក។ ដោយ Grace រៀបរាប់ថា ៖ «ខ្ញុំទទួលស្គាល់ពេលដែលពួកយើងបើកបង្ហាញទំនាក់ទំនងជាសាធារណៈ គឺផ្ទុះជាខ្លាំង ហើយពេលបែកគ្នាកាន់តែផ្ទុះខ្លាំងទៀត តែពេលបែកភ្លាមៗក៏មានព័ត៌មានជាច្រើនចុះមិនល្អពីយើងទាំងសងខាង លុះពេលវេលាចេះតែកន្លងទៅ អារម្មណ៍ដែលខឹងក៏ចាប់ផ្តើមរសាយបាត់អស់ទៅ ក៏ត្រឡប់មកក្លាយជាបងប្អូននឹងគ្នាជំនួសឱ្យពាក្យគូស្នេហ៍ ឬ សត្រូវ។ មានពេលខ្លះក៏ទាស់សម្តីគ្នា តែក៏មិនធ្ងន់ធ្ងរ ខ្ញុំក៏នៅតែស្រឡាញ់បង Kong គ្រាន់តែពេលនេះស្រឡាញ់ក្នុងនាមជាបងប្រុសប៉ុណ្ណោះ។ មកទល់ពេលនេះគឺយើងនៅរាប់អានគ្នាធម្មតា មិនមានទំនាស់ដល់ថ្នាក់មើលមុខគ្នាមិនចំនោះទេ ជាបងប្អូនល្អនឹងគ្នា»៕