លែងគ្នាបាន ៤ ខែ! ពេលនេះអតីតប្តី Angela Baby សង្ស័យជាប់ស្នេហ៍មេម៉ាយសាច់ក្រអូប
បើតាមការចុះផ្សាយរបស់ Sohu នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ បានឱ្យដឹងថា តារាសម្ដែងប្រុស Huang Xiaoming ត្រូវជាអតីតប្តីរបស់តារាសម្ដែងស្រី Angela Baby ត្រូវបានគេសង្ស័យថាកំពុងទាក់ទងជាមួយនឹងតារាបង្ហាញម៉ូដ Ye Ker ដែលគេស្គាល់ថាជាតារាស្រីសាច់ក្តៅល្បីនៅអ៊ីនធឺណេត និង ជាមេម៉ាយកូន ២ ធ្លាប់មានប្តីជាថៅកែក្រុមហ៊ុនល្បីមួយនៅក្នុងប្រទេស។ យោងតាមប្រភពព័ត៌មាន អ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងលួចលាក់តាំងពីពាក់កណ្តាលខែកុម្ភៈ។
យ៉ាងណាមិញ ក៏មានភស្តុតាងការណាត់ជួបរបស់ពួកគេជាច្រើន កាលពីថ្ងៃទី ១៥ ខែកុម្ភៈ លោក Huang Xiaoming បានបង្ហោះរូបថតញ៉ាំនំប៉ាវរូបផេនដា នៅអាខោលផ្ទាល់របស់លោក។ ក្រោយមកនៅថ្ងៃដដែលនោះ Ye Ker ក៏បានបង្ហោះរូបថតខ្លួនបានធ្វើនំផេនដាស្រដៀងគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
រហូតមកដល់ថ្ងៃទី ១៣ ខែមេសា តារាបង្ហាញម៉ូតរូបនេះ ត្រូវបានគេប្រទះឃើញ Check-in នៅសណ្ឋាគារប្រណីតមួយក្នុងទីក្រុងសៀងហៃ ហើយ ៤ ថ្ងៃក្រោយមក នាងក៏បានទៅខេត្ត Yunnan ស្របពេលជាមួយគ្នានោះ បុគ្គលិក Huang Xiaoming ក៏បាននិយាយថា លោកក៏មានវត្តមាននៅទីនេះដែរ។ រហូតមកដល់ពាក់កណ្តាលខែឧសភា អ្នកទាំងពីរត្រូវបានគេបញ្ជាក់ថា កំពុងនៅខេត្ត Fujian។
ថ្មីៗនេះ ព័ត៌មានដែលថា លោក Huang Xiaoming កំពុងមានទំនាក់ទំនងស្នេហាជាមួយ Ye ker បានក្លាយជាប្រធានបទដ៏ក្តៅគគុក ត្រូវបានគេស្វែងរក និង យកទៅជជែកវែកញែកពេញនៅ Weibo។ ទោះជាយ៉ាងណា ខាងតារាសម្ដែងប្រុសរូបនេះ មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមថាមានស្នេហាថ្មី ក្រោយលែងលះ Angela Baby នោះទេ។
ត្រឡប់មកនិយាយកាលពីមុន លោក Huang Xiaoming និង Angela Baby បានប្រកាសលែងលះគ្នានៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ប៉ុន្តែប្តី-ប្រពន្ធមួយគូនេះ បានបែកគ្នាតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ គ្រាន់តែពួកគេបានដាក់ពាក្យលែងលះគ្នាស្ងាត់ៗនៅឆ្នាំ ២០២១៕