លើកដំបូង! BTS នឹងទៅជួបប្រធានាធិបតីអាមេរិកដល់សេតវិមាន ក្នុងគោលបំណងសំខាន់នេះ
កាលពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅនេះ យោងតាមសេចក្ដីថ្លែងការរបស់សេតវិមានអាមេរិក សមាជិកទាំង ៧ របស់ BTS ដែលជាក្រុមចម្រៀងបុរសដ៏មានប្រជាប្រិយភាពរបស់ប្រទេសកូរ៉េខាងត្បូង នឹងធ្វើដំណើរទៅសេតវិមាននៅរដ្ឋ Washington ដើម្បីសំណេះសំណាលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃទី ៣១ ខែឧសភា ប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមរបាយការណ៍របស់សេតវិមានមាន បាននិយាយថា BTS និង លោក Joe Biden នឹងពិភាក្សាទៅលើការបញ្ឈប់អំពើហិង្សា ការរើសអើង និង ការស្អប់ខ្ពើមទៅលើជនជាតិអាស៊ី។
បន្ទាប់ពីទទួលបានដំណឹងនៃដំណើរទស្សនកិច្ចនៅសេតវិមាន RM ជាប្រធានក្រុមបានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនទៅក្នុងបណ្ដាញសង្គម Weverse ដោយប្រាប់អ្នកគាំទ្រថា សម្រាប់ការធ្វើទស្សនកិច្ចមួយនេះគឺពួកគេនឹងទៅ ហើយត្រឡប់មកវិញដោយសុវត្ថិភាព។
មេក្រុមរូបនេះក៏បានបន្ថែមដែរថា ពេលដែលខ្លួនទៅវិស្សមកាលនៅសហរដ្ឋអាមេរិកលើកមុន លោកបានឃើញសេតវិមានត្រឹមតែពីចម្ងាយប៉ុនណោះ ប៉ុន្តែលើកនេះលោកនឹងបានចូលទៅខាងក្នុង ហើយលោកក៏បានអរគុណមកដល់អ្នកគាំទ្រផងដែរ សម្រាប់ការគាំទ្រកន្លងមក៕