ដើរចេញពីប៉ុស្តិ៍លេខ ៧ ធ្វើជាតារាឯករាជ្យ Great Sapol ស្រាប់តែនិយាយបែបនេះឡើង
ជឿជាក់ថាប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់រួចមកហើយនូវតារាប្រុសរូបសង្ហាប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ លោក Sapol Assawamunkong ហៅក្រៅថា Great ដែលជាតារាប្រុសម្នាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ មិនត្រឹមជាតារាសម្ដែងមានទេពកោសល្យល្អ តែបើនិយាយពីសម្រស់វិញ តារាប្រុសរូបនេះតែងនាំឱ្យមហាជនអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ឡើយ។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែលេចឮដំណឹងថាតារាប្រុស Great ត្រៀមនឹងចាកចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ហើយត្រឡប់ទៅធ្វើជាតារាសម្ដែងប្រុសឯករាជ្យវិញ។ ដូចគ្នានោះ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុសរូននេះក៏បានផ្ដល់បទសម្ភាសដល់បណ្ដាសារព័ត៌មានថា ៖ «ជាការពិតគឺលោកនឹងចាកចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ពិតប្រាកដមែន ដោយលោកវិលត្រឡប់ទៅតារាសម្ដែងឯករាជ្យ និង Youtuber វិញ»។
លើសពីនោះតារាប្រុស Great ក៏បានបន្ថែមជុំវិញមូលហេតុចាកចេញផងដែរថា ៖ «សម្រាប់ការចាកចេញនេះ គឺខាងក្រុមហ៊ុន និង លោក ពុំមានរឿងរ៉ាវអ្វីជាមួយគ្នាឡើយ។ អស់រយៈពេល ៥ ឆ្នាំហើយ ដែលលោកបានជ្រកកោននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ដូចនេះលោកចង់ចេញដើម្បីស្វែងរកបទពិសោធថ្មីផ្សេងទៀត ហើយខាងក្រុមហ៊ុនក៏បានបើកឱកាសឱ្យលោកចាកចេញដូចគ្នា ពោលគឺការចាកចេញនេះមិនមានរឿងរកាំរកូសណាមួយកើតឡើងឡើយ។ រីឯរឿងស្វែងរកទ្រនំថ្មីនោះ លោកពុំទាន់គិតនោះទេ ព្រោះលោកចង់នៅជាតារាសម្ដែងឯករាជ្យសិន»។ ជាមួយគ្នានោះ បើងាកទៅមើលអ្នកគាំទ្រ ក៏នៅតែបន្តលោកដូចដើមទោះបីតារាប្រុសរូបនេះចាកចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ក៏ដោយ៕