(វីដេអូ) រំលងទៅជិត ២ ខែ ទើបធ្លាយពាក្យសម្តីដែល Mark និយាយទៅកាន់ Kim ពេលសុំរៀបការ
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គឺថ្ងៃសុំរៀបការរបស់កំពូលតារាសម្ដែងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង តារាសម្ដែងស្រី Kim Berley ដែលជាថ្ងៃមួយមហាជនអ្នកគាំទ្ររង់ចាំជាយូរ។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ គឺជាពេលវេលាដ៏រ៉ូមែនទិក ដែលតារាសម្ដែងប្រុស Mark បានកាន់ដៃសង្សារទៅប្រទេសស្វីសហើយលុតជង្គង់សុំរៀបការ ដែលកាលនោះបានធ្វើឱ្យមហាជនក្នុង និង ក្រៅស្រុករួមទាំងតារាសិល្បករថៃជាច្រើនរំភើបចិត្ត និង សម្ដែងការត្រេកអរចំពោះតារាស្រីប្រុសគូនេះគ្រប់គ្នា។
យ៉ាងណាមិញ ជុំវិញទិដ្ឋភាពសុំរៀបការបស់តារាសម្ដែងលោក Mark ទៅកាន់តារាសម្ដែងស្រី Kim ក៏ពិតជាធ្វើឱ្យមហាជនចង់ដឹងដូចគ្នាថា តើកំលោះ Mark និយាយពាក្យសារភាពបែបម៉េចចំពោះ Kim ក្នុងថ្ងៃនោះ? ដោយឡែកពេលវេលាបានកន្លងហួសមករយៈពេលជិត ២ ខែទៅហើយ ក៏ស្រាប់តែនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុស Mark ក៏បានចេញនូវវីដេអូ Vlog ដំណើរកម្សាន្តរបស់លោក និង សង្សារឱ្យមហាជនបានទស្សនាផងដែរ។
ជាពិសេសក្នុងវីដេអូនោះ ក៏បានបង្ហាញពីទិដ្ឋភាពដ៏សែនរ៉ូមែនទិកនៃការលុតជង្គង់សុំរៀបការរបស់ Mark ផងដែរ។ ក្នុងថ្ងៃដ៏ពិសេសនោះ Mark បាននិយាយពាក្យយ៉ាងផ្អែមថា ៖ «អូនសម្លាញ់! គ្មានវេលាឯណាដែលល្អជាពេលនេះទៀតទេ។ អូនសម្លាញ់! នេះជាការពិតណា រៀបការជាមួយបងណា Baby»។
ដោយឡែកងាកទៅមើលតារាស្រី Kim ហាក់មានក្ដីរំភើបចិត្តពេក ព្រោះពុំដឹងថាសង្សារ Surprise ហើយក៏បានឆ្លើយតបទៅវិញថា ៖ «នេះគឺជាអ្វី? ពិតឬអត់ ខ្ញុំមិនមែនសុបិនទេ មែនទេ?»។
ក្រោយពីនិយាយសារភាពហើយតារាប្រុស Mark ក៏បានបំពាក់ចិញ្ចៀន និង ជូនបាច់ផ្កាទៅកាន់តារាស្រី Kim ទាំងសេចក្ដីរំភើបចិត្ត រីឯ Kim ក៏រំភើបខ្លាំងដល់ថ្នាក់ទឹកភ្នែកហូរពុំដឹងខ្លួនដែរ បន្ទាប់មកអ្នកទាំងពីរក៏បានថើប និង ឱបគ្នាយ៉ាងណែន ហើយថតរូបយ៉ាងរីករាយជាមួយនឹងមិត្តសម្លាញ់ Yaya និង Nadech ដែលជាអ្នកទៅអបអរផ្ទាល់នៅប្រទេសស្វីស៕