(វីដេអូ) ទម្លាយអាថ៌កំបាំងមួយរបស់គ្រូពេទ្យ ស៊ីម ច័ន្ទពន្លឺ មុនពេលចូលប្រឡងចម្រៀង Cambodian Idol
នៅយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ៤ ហើយ ដែលឃើញថាសប្ដាហ៍នេះ កាន់តែធ្វើឱ្យមហាជនអ្នកស្នេហាវិស័យចម្រៀងចាប់អារម្មណ៍តាមដានខ្លាំងទៀតជាមួយនឹងការបង្ហាញវត្តមាន និង សមត្ថភាពរបស់បេក្ខភាពនីមួយៗ។
ដោយឡែក ក្នុងសប្ដាហ៍នេះ អ្វីដែលធ្វើឱ្យមហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកពេញបណ្ដាញសង្គមនោះ ជាមួយនឹងការបង្ហាញវត្តមានរបស់បេក្ខភាពមួយរូបឈ្មោះថា ស៊ីម ច័ន្ទពន្លឺ ដែលឆក់បានការសរសើរខ្លាំងជាមួយរូបរាងយ៉ាងស្រស់សង្ហារបស់លោក ថែមទាំងមានសមត្ថភាពខ្លាំងទៀត។
ក្នុងការបង្ហាញសមត្ថភាពនេះដែរ គ្រូពេទ្យរូបសង្ហានេះ បានលើកយកបទចម្រៀងជាភាសាអង់គ្លេស គឺបទ «Hallo» ដែលបានច្រៀងបានយ៉ាងពីរោះ ឆក់បានការសរសើរខ្លាំងពីគណៈកម្មការទាំងបួនរូប និងអាចឆ្លងទៅវគ្គបន្តទៀតផងដែរ។
គួរឱ្យដឹងដែរថា មុនមកប្រឡងកម្មវិធីចម្រៀង Cambodian Idol រដូវកាលទី ៤ នេះ បេក្ខភាព ស៊ីម ច័ន្ទពន្លឺ គឺជានិស្សិតពេទ្យទើបបញ្ចប់ការសិក្សាមកពីប្រទេសវៀតណាម ហើយអ្វីដែលពិសេសនោះ បេក្ខជនរូបនេះក៏ធ្លាប់មានប្រវត្តិជាបេក្ខភាពប្រឡងចម្រៀងលំដាប់ពីភពលោក The Voice នៅឯប្រទេសវៀតណាមទៀតផង កាលពីឆ្នាំ ២០១៨។ ដោយកាលណោះ ស៊ីម ច័ន្ទពន្លឺ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មវិធីតាមរយៈការលើកយកបទជាភាសាវៀតណាមមកច្រៀង គឺបទ «Huong Oi» ដោយគ្រាន់តែបង្ហើបសំនៀងមិនបានប៉ុន្មាន Coach ជាតារាចម្រៀង Thu Phuong ចុចយកភ្លាម។ មិនយូរប៉ុន្មាន តារាចម្រៀង Toc Tien ក៏បានចុចដណ្តើមយកទៀត តែយ៉ាងណាចុងក្រោយ បេក្ខជនរូបសង្ហា ស៊ីម ច័ន្ទពន្លឺ បានជ្រើសរើសយក Coach ជាតារាចម្រៀង Thu Phuong ជាគ្រូបង្វឹក៕