រំជួលចិត្ត! បេក្ខនារីម្នាក់មានប្រវត្តិកម្សត់ សំឡេងពីរោះស្រដៀង ខេមរៈ ស្រីពៅ រហូតឧកញ៉ា ខេមរៈ សិរីមន្ត ពោលឱ្យយ៉ាងភ្ញាក់ផ្អើល
នៅយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធី Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ៤ ហើយ ដែលឃើញថាសប្ដាហ៍នេះ កាន់តែធ្វើឱ្យមហាជនអ្នកស្នេហាវិស័យចម្រៀង ចាប់អារម្មណ៍តាមដានខ្លាំងទៀតហើយជាមួយនឹងការបង្ហាញវត្តមាន និង សមត្ថភាពរបស់បេក្ខភាពនីមួយៗ។
ក្នុងនោះដែរ មហាជនបានកកត់សម្គាល់ឃើញមានវត្តមានរបស់បេក្ខនារីមួយរូបឈ្មោះ អ៊ិត ជូលីណា ដែលបានឆក់បានការសរសើរជាមួយរូបសម្រស់ដ៏ស្រស់ស្អាត និង សមត្ថភាពបញ្ចេញទឹកដមសំឡេងដ៏ពីរោះរបស់នាងពីគណៈកម្មការទាំងបួនផងដែរ។ ជាមួយនឹងទឹកដមសំឡេងនោះដែរ បេក្ខនារីទើបតែមានវ័យ ១៨ ឆ្នាំ មកពីខេត្តកំពង់ចាម កញ្ញា អ៊ិត ជូលីណា ក៏ត្រូវបានគេលើកឡើងពីទឹកដមសំឡេង និង ស្ទីលច្រៀងស្រដៀងនឹងតារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់តារាចម្រៀង និង ជាឧកញ៉ា ខេមរៈ សិរីមន្ត ទៀតផង។
ក្នុងការបង្ហាញសមត្ថភាពនេះដែរ បេក្ខនារី អ៊ិត ជូលីណា ដែលលើកយកបទចម្រៀង «សមមុនហើយដែលអូនក្បត់បង» ក៏ទទួលបានចម្លើយ «Yes» ពីគណៈកម្មការទាំងបួនរូប និង អាចឆ្លងទៅវគ្គបន្តទៀតផងដែរ ដែលធ្វើឱ្យនាងរំភើប និង សប្បាយរីករាយយ៉ាងខ្លាំង។
យ៉ាងណាមិញ បើងាកទៅមើលពីរឿងរ៉ាវជីវិតរបស់បេក្ខនារីរូបនេះវិញ ក៏បានធ្វើឱ្យមហាជនដក់ជាប់ក្នុងចិត្តផងដែរ ព្រោះតែនាងមានប្រវត្តិកម្សត់ និង ស្ថានភាពគ្រួសារត្រូវគេមើលងាយ។ តាមការឱ្យដឹងនោះ អ៊ិត ជូលីណា បាននិយាយថា នាងគឺជាកូនស្រីដែលមានតែម្តាយ គ្មានឪពុកដូចគេឡើយ ព្រោះម្តាយ និង ឪពុកនាងបានបែកបាក់គ្នាតាំងតែពីនាងនៅក្នុងពោះម្តាយ ដែលហេតុផលនេះហើយ ទើបធ្វើឱ្យនាងគ្មានឱកាសនឹងបានឃើញមុខ ឬ មានឪពុកហៅដូចគេ។
មួយវិញទៀត អ៊ិត ជូលីណា ក៏បាននិយាយថា នាងតែងត្រូវបានគេមើលងាយដល់ស្ថានគ្រួសារជារឿយៗនាពេលកន្លងមក ដែលការមើលងាយនោះបានធ្វើឱ្យនាងពុះពារតស៊ូគ្រប់បែបយ៉ាងដើម្បីជម្នះរកវិថីជីវិតមួយដ៏ប្រសើរ និង អាចមើលថែអ្នកផ្ទះបានទៅថ្ងៃមុខ។ ជាមួយនឹងការតស៊ូ និង មានក្តីស្រមៃចង់ឱ្យគ្រួសារខ្ពស់មុខមាត់នោះដែរ គេក៏ឃើញមានមហាជនជាច្រើនបានលើកទឹកចិត្ត និង ជូនពរឱ្យនាងទទួលបានជោគជ័យ សូម្បីតែតារាចម្រៀងដែលទើបទទួលងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានលើកទឹកចិត្ត និង ជូនពរនាងផងដែរថា ៖ «ស៊ូៗជូនពរប្អូនស្រីជោគជ័យដូចក្តីប្រាថ្នា» ៕