តារាជើងចាស់ គន្ធ តារាវណ្ណ ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
សិល្បករជើងចាស់ជំនាន់ឆ្នាំ ១៩៨៦ លោក គន្ធ តារាវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺលើសឈាម ដែលដំណឹងមួយនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសទស្សនិកជនដែលស្រឡាញ់គាំទ្រលោកកន្លងមក មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភចំពោះសុខភាពលោកជាខ្លាំង។
តាមប្រភពលោក គន្ធ ជីវ័ន ត្រូវជាកូនប្រុសបង្កើតរបស់តារាភាពយន្តដ៏ល្បីល្បាញរូបនេះបានបង្ហោះរូបថតឪពុកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយថែមទាំងធ្វើការបួងសួងទៀតថា ៖ «សូមទេវតាវត្ថុស័ក្តិសិទ្ធិជួយឱ្យលោកឪពុកខ្ញុំឆាប់ជាសះស្បើយពីជំងឺ និងរឹងមាំឡើងវិញ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងពីឆ្នាំ ១៩៨៦ គាត់ឈ្មោះ គន្ធ តារាវណ្ណ»។
ពិតណាស់តាមការបង្ហោះរបស់ លោក គន្ធ ជីវ័ន ខាងលើបានបង្ហាញឱ្យឃើញថា ពេលនេះអាការរបស់តារាជើងចាស់ គន្ធ តារាវណ្ណ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឱ្យបារម្ភណាស់។ យ៉ាងណាក្នុងនោះក៏មានមហាជនអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញយោបល់ជូនពរឱ្យសិល្បករជើងចាស់រូបនេះ ឆាប់ជាសះស្បើយផងដែរ៕