(វីដេអូ) សុខ សីឡាលីន ស្រក់ទឹកភ្នែកច្រោកៗ ពេលបេក្ខភាព ឯម ស្រីលីន និយាយដល់រឿងនេះភ្លាម
មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ តារាចម្រៀងស្រី សុខ សីឡាលីន ផ្ទុះការចាប់អារម្មណ៍ចែករំលែក និងរំជួលចិត្តតាមនាងខ្លាំង ក្រោយពីបានទស្សនាកម្មវិធីប្រឡងចម្រៀង Cambodian Idol ក្នុងសប្ដាហ៍ទី ៤ នេះ ដែលបានឃើញតារាចម្រៀងស្រីរូបនេះ ហាក់រំជួលចិត្តខ្លាំងទឹកភ្នែកស្រក់ច្រោកៗ ខណៈពេលបេក្ខភាពប្រឡង ឯម ស្រីលីន និយាយពីជីវិតឯកជនរឮកដល់ឪពុករបស់នាងដែលបានចែកឋានជាយូរឆ្នាំនោះ។
ក្នុងនោះ អ្វីដែលធ្វើឱ្យ តារាចម្រៀងស្រី សុខ សីឡាលីន រំជួលចិត្តខ្លាំងបែបនេះ ដោយសារតែពេលបេក្ខភាពប្រឡងរូបនេះ បានរៀបរាប់ឱ្យដឹងថាឪពុករបស់នាងជាអ្នកភ្លេងសូឡូម្នាក់ ដែលបានធ្វើឱ្យ សុខ សីឡាលីន ទប់អារម្មណ៍មិនជាប់រៀបរាប់ទាំងអួលអាក់ថា ឪពុករបស់នាងក៏ជាអ្នកសូឡូដែរ ដោយលោកទើបតែចែកឋានថ្មីៗនេះ។
ពិតណាស់ តារាចម្រៀង សុខ សីឡាលីន បានបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់កាលពីចុងខែមករា ឆ្នាំ ២០២២ កន្លងទៅ ដែលធ្វើឱ្យរូបនាងតែងបង្ហាញនូវអារម្មណ៍នឹករឮកស្រណោះអាល័យជាពន់ពេកចំពោះលោកឪពុក បានជាពេលដែលនិយាយដល់ចំណុចដូចឪពុករបស់នាងធ្វើឱ្យប៉ះផ្លូវចិត្តនាងភ្លាមបែបនេះ៕