សំណាង អេលីណា តបទាំងរំភើប ពេលអ្នកគាំទ្រលើកឡើងពីនាងពូកែរៀបចំខ្លួនស័ក្ដិសមជា Queen
ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាប្រាកដជាបានស្គាល់រួចមកហើយពីរូបសម្រស់ សមត្ថភាព និង ចំណេះដឹងរបស់កញ្ញា សំណាង អេលីណា ដែលភាពប៉ិនប្រសប់ទាំងអស់នោះហើយ ធ្វើឱ្យ អេលីណា ក្លាយជាម្ចាស់គ្រងមកុដ Miss Universe Cambodia 2019។
ត្រឹមវ័យជាងម្ភៃស្ដើង សំណាង អេលីណា ទទួលបានភាពជោគជ័យគួរឱ្យកោតសរសើរ ដោយនាងមិនតែដណ្ដើមបានតំណែង Miss Universe Cambodia 2019 ទាំងវ័យក្មេងទេ ប៉ុន្ដែបវរកញ្ញារូបនេះក៏ស្ថិតក្នុងដួងចិត្តអ្នកគាំទ្រតាមរយៈចំណេះដឹង និង រូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។ ជាពិសេសជារឿយៗ អេលីណា តែងទទួលបានពាក្យលើកសរសើរទៅលើការប៉ិនប្រសប់តុបតែងខ្លួន តែងត្រូវតាមពេលវេលា និង កាលៈទេសៈជានិច្ច។
ការរៀបចំខ្លួនស័ក្ដិសមជា Queen មួយរូបនេះ ធ្វើឱ្យ អេលីណា កាន់តែលេចធ្លោ និង ទទួលបានការស្រឡាញ់ពេញចិត្តពីអ្នកគាំទ្រកាន់តែច្រើន រហូតផ្ទុះការលើកសរសើរថានាងពូកែរៀបចំតុបតែងខ្លួនស្អាតភ្លឹងៗរាល់ពេលបង្ហាញមុខនៅតាមកម្មវិធីផ្សេងៗម្ដងៗ។
ក្រោយបានឃើញការស្រឡាញ់ពេញចិត្តពីមហាជនដូច្នេះ សំណាង អេលីណា រំភើបចិត្តមិនស្ទើរនោះទេ ហើយនាងថែមទាំងបង្ហាញអារម្មណ៍ពិតចំពោះអ្នកគាំទ្រទៅវិញផងដែរថា ៖ «ចង់អរគុណទៅកាន់បណ្ដាអ្នកគាំទ្រគ្រប់រូបសម្រាប់ការស្រឡាញ់ចំពោះក្មេងស្រីម្នាក់នេះ សង្ឃឹមថារូបនាងខ្ញុំនឹងនៅតែបន្តទទួលបានការស្រឡាញ់ រាប់អាន ពីមនុស្សល្អៗបែបនេះនៅជុំវិញខ្លួនជានិច្ច»៕