តារាចម្រៀងប៉ុប សញ្ជាតិកាណាដា លោក Justin Bieber ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ Ramsay Hunt Syndrome ដែលបណ្តាលឱ្យតារារូបនោះខ្វិនផ្ទៃមុខមួយចំហៀង។ ជម្ងឺនេះ គឺជាជំងឺសរសៃប្រសាទដ៏កម្រមួយ ដែលធ្វើឱ្យខ្វិននៃសរសៃប្រសាទ មុខ និងមានកន្ទួល ឬ ពងបែក ដែលអាចប៉ះពាល់ដល់ត្រចៀក និង មាត់ជាដើម។
តើអ្វីទៅជាជំងឺ Ramsay Hunt Syndrome ហើយវាត្រូវបានធ្វើរោគវិនិច្ឆ័យ ឬ មានរោគសញ្ញាអ្វីខ្លះ?
យោងទៅតាម អ្នកជំនាញសុខភាពម្នាក់ លោកវេជ្ជបណ្ឌិត (Col.) JD Mukherji ដែលជានាយកសាលា និង ជាប្រធានផ្នែកសរសៃប្រសាទនៅមន្ទីរពេទ្យ Max Healthcare នៅ Saket ទីក្រុង Delhi ប្រទេសឥណ្ឌា បានមានប្រសាសន៍ថា៖ «Ramsay Hunt Syndrome គឺជាជំងឺសរសៃប្រសាទដែលបង្កឡើងដោយមេរោគមួយដែលមានឈ្មោះថា Varicella Zoster ហើយវាបណ្តាលឱ្យមានការប៉ះពាល់ដល់សរសៃប្រសាទដែលពាក់ព័ន្ធទៅនឹងចលនាផ្ទៃមុខរបស់យើង»។ លោកក៏បានបន្ថែមទៀតថា នៅពេលដែលសរសៃប្រសាទរលាក ពួកវាបាត់បង់សមត្ថភាពដំណើរការ ដែលនាំឱ្យពិការមុខបណ្តោះអាសន្ន ឬ ខ្វិនតែម្ដង។
ដោយឡែក បើក្រឡេកទៅមើលពីរោគសញ្ញារបស់ Ramsay Hunt Syndrome វិញ លោកបានលើកឡើងផងដែរថា៖ «រោគសញ្ញានៃជម្ងឺនោះមានដូចជា ការឈឺចាប់នៅលើផ្ទៃមុខ មានកន្ទួលក្រហមដែលអាចចេញនៅក្នុងមាត់ ឬ លើអណ្តាត ពងបែកខាងក្នុង ឬ ជុំវិញត្រចៀក និង ខ្វិនមុខម្ខាងជាដើម។ អ្នកជំងឺក៏អាចបាត់បង់ការស្តាប់សម្លេង និង មិនអាចសូម្បីតែបិទភ្នែក ដែលជាហេតុបណ្តាលឱ្យភ្នែកឆាប់ស្ងួត»៕