ទាក់ទងគ្នា ២ ឆ្នាំ Sean ត្រូវសង្សារទម្លាយចរិតពិតគ្មានសល់ ថាខុសពីជួបដំបូង
គេឃើញថា តារាប្រុស Sean Jindachot បានបណ្តុះពន្លកស្នេហ៍ថ្មីរបស់ខ្លួនជាមួយនឹងអ្នកច្នៃម៉ូដស្រីឈ្មោះ Petch Pipatchara អស់រយៈពេល ២ ឆ្នាំមកហើយ។ យ៉ាងណាមិញ ពេលនេះ អ្នកទាំងពីរ មើលទៅពួកគេក៏ផ្អែមល្ហែមចុះសម្រុងគ្នាបានល្អណាស់ ហើយ Sean ថែមទាំងធ្លាប់បានទម្លាយរឿងរៀបការទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ Petch ក៏បានឆ្លៀតទម្លាយទាក់ទងនឹងជីវិតស្នេហារបស់ខ្លួន និង Sean នៅក្នុងបទសម្ភាសមួយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រស្តាប់ហើយ ស្ទើរតែគាំង និង អៀនជំនួសពួកគេ។
ក្នុងនោះ Petch បានឱ្យដឹងថា Sean មានចរិតមិនដូចពេល ដែលនាងឃើញលោកដំបូងឡើយ ពោលគឺពេលបាននៅជាមួយគ្នាហើយ លោកគឺជាមនុស្សទន់ភ្លន់ជាងឃើញដំបូងឆ្ងាយណាស់។ ជាពិសេស លោកថែមទាំងជាមនុស្សចូលចិត្តខ្វល់ខ្វាយពីអ្នកដទៃ ព្រមទាំងយកចិត្តទុកដាក់ជាមួយនឹងរឿងតូចតាច ហើយលោកក៏ជាមនុស្សមានការគិត និង ទស្សនៈគតិល្អទៀតផង។
អ្នកច្នៃម៉ូដស្រីរូបនេះ ទម្លាយបន្ថែមថា Sean តែងតែយកចិត្តស្តាប់នាងជានិច្ច ព្រមគាំទ្រលើកទឹកចិត្តនាងស្ទើរគ្រប់រឿង ហើយលោកក៏ចាំជួយណែនាំតម្រង់ផ្លូវនាងទៀត និង ជាមនុស្សមានគំនិតចាស់ទុំល្អណាស់។
ចំណែកឯតារាប្រុស Sean វិញ ក៏បានឱ្យដឹងដែរថា លោកបានមើលឃើញទៅដល់រឿងអនាគតហើយ ជាពិសេសរឿងរៀបការជាមួយគ្នា។ មិនតែប៉ុណ្ណោះ លោកក៏កំពុងត្រៀមខ្លួន និង ខិតខំធ្វើការជាងមុនទៀតផង។
រីឯ ស្រីស្រស់ Petch ក៏បានបន្ថែមវិញបន្ដទៀតថា នាងនឹងចាំឱ្យកម្លាំងចិត្តទៅកាន់លោករហូត និង មិនចង់ឱ្យលោកមានសម្ពាធនោះទេ។ នាងចង់ឱ្យលោកតាំងចិត្តក្នុងអ្វីដែលខ្លួនកំពុងធ្វើ ដោយសន្សឹមៗកុំឱ្យហត់នឿយខ្លាំងពេក ហើយនាងក៏សប្បាយចិត្តដែរ ដែលលោកបានគិតដល់រឿងអនាគតបែបនេះ។
ក្រោយបានដឹងដំណឹងទាំងនេះ មហាជនអ្នកគាំទ្រគ្មានអ្វីឡើយ ក្រៅពីអបអរលើកទឹកចិត្តទៅកាន់អ្នកទាំងពីរ ឱ្យតស៊ូកាន់ដៃគ្នា រហូតដល់ថ្ងៃចូលរោងការ៕