តាំងពីបង្ហាញឋានៈគ្រូបង្វឹកក្នុងចិត្ត ទូច ស្រីល័ក្ខ កាន់តែផ្អែមល្ហែមខ្លាំង មើលទៅសមគ្នាណាស់
មួយរយៈធំមកហើយ ចាប់តាំងពីលែងលះអតីតស្វាមីដាច់ស្រេច តារាចម្រៀង ទូច ស្រីល័ក្ខ តែងបណ្ដើរគូបង្វឹករូបសង្ហាទៅណាមកណាយ៉ាងត្រសងប្រៀបដូចជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ជាពិសេសភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរមើលទៅយ៉ាងណា ក៏មិនមែនជាទំនាក់ទំនងត្រឹមជាមិត្តល្អនឹងគ្នាដែរ។
ទោះបីជាមហាជនជាច្រើនយល់ថា ទូច ស្រីល័ក្ខ ត្រូវបានគ្រូបង្វឹករូបសង្ហាខាងលើស្អំបេះដូង ក្រោយខូចចិត្តឈឺចាប់រឿងអាពាហ៍ពិពាហ៍មុនមិនសមប្រកបក្តី ប៉ុន្ដែតារាចម្រៀងស្រីរូបនេះមិនដែលប្រកាសឱ្យមហាជនបានដឹងជាក់លាក់ថា នាង និង គ្រូបង្វឹកហាត់ប្រាណរូបនោះគឺជាគូស្នេហ៍នឹងគ្នាឡើយ។
ទើបមកដល់ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកមេម៉ាយចាយរាង ទូច ស្រីល័ក្ខ បានប្រកាសក្ដែងៗនៅលើគណនីអ៊ីនស្រ្តាក្រាម តាមរយៈការផុសរូបជាមួយគ្រូបង្វឹកខាងលើ ព្រមទាំងអះអាងច្បាស់ៗថា បុរសនៅក្បែរនាងនេះគឺជាគូស្នេហ៍។ ទូច ស្រីល័ក្ខ បញ្ជាក់យ៉ាងខ្លីថា «With my honey» ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលផង ជួយត្រេកអរជំនួសផងដែលរកបានអ្នកស្អំបេះដូងដូច្នេះ។
យ៉ាងណាមិញ បន្ទាប់ពីបើកបង្ហាញឋានៈពិតរបស់គ្រូបង្វឹកក្នុងចិត្តរួចហើយនោះ គេកត់សម្គាល់ឃើញពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រ និង បណ្តាមិត្តក្នុងបណ្តាញសង្គមទាំងហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាម តែងតែបានឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល និង ផ្អែមល្ហែមខ្លាំងឡើង រហូតដល់អ្នកគាំទ្រលាន់មាត់ឱ្យអ្នកទាំងពីរគ្រប់គ្នាថា ស័ក្តិសមគ្នាណាស់។ ជាក់ស្តែថ្មីៗនេះ តារាស្រី ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុក ជាមួយខេបសិនខ្លីថា ៖ «ញញឹមតិចៗ តែនៅតែញញឹម»។
ជាមួយការបង្ហាញចេញបែបនេះទៀត កាន់តែធ្វើឱ្យមហាជន និង បណ្តាមិត្តអ្នកលេងបណ្តាសង្គមឃើញច្បាស់ពីភាពផ្អែមល្ហែមកាន់តែខ្លាំងឡើង ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើបានចូលបញ្ចេញមតិចូលចិត្ត ជាមួយនឹងការជូនពរដល់តារាស្រីរូបនេះ និង គូស្នេហ៍ស្រឡាញ់ ព្រមទាំងមានសុភមង្គលផងដែរ៕