គ្រូពេទ្យបកស្រាយច្បាស់ៗថា ជំងឺរបស់ Justin អាចប្រើពេលយូរដល់ទៅប៉ុណ្ណេះ ទើបវិលមកសភាពដើមវិញ
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ មហាជនអ្នកគាំទ្រផ្ទុះការព្រួយបារម្ភជាខ្លាំង នៅពេលតារាចម្រៀង Justin Bieber បានប្រកាសលុបចោលការប្រគំតន្ត្រីទេសចរណ៍របស់លោកមួយចំនួនភ្លាមៗ ក្រោយលោកឆ្លងជំងឺកម្រមួយហៅថា Ramsay Hunt syndrome ដែលបណ្ដាលឱ្យផ្ទៃមុខខាងស្ដាំរបស់លោកមិនអាចកម្រើកបាន សូម្បីតែព្រិចភ្នែក។
ជាមួយនឹងជំងឺនេះដែរ Justin Bieber អាចនឹងត្រូវចាំរហូតដល់ទៅ ៦ ខែ ដើម្បីឱ្យអាការលើផ្ទៃមុខរបស់លោក វិលមករកសភាពដើមវិញ ស្របពេលក្រុមវេជ្ជបណ្ឌិតដាក់ការព្រមានថា ជំងឺ Ramsay Hunt syndrome ដែល Justin កំពុងកើតមាននេះ អាចបង្កឱ្យស្ដាប់លែងឮផងដែរ។
លោកវេជ្ជបណ្ឌិត Josh Rosenberg គ្រូពេទ្យផ្នែកវះកាត់កែសម្ផស្សប្រចាំ Mount Sinai medicall centre ក្នុងក្រុងញ៉ូយ៉ក បានថ្លែងប្រាប់សារព័ត៌មាន Dailymail ថា ក្នុងរយៈពេលពី ៣ ទៅ ៦ ខែ អ្នកជំងឺនឹងអាចដឹងថា ពួកគេបានជាសះស្បើយកម្រិតណា។ ព្រមគ្នានោះដែរ បើតាមលោកស្រីវេជ្ជបណ្ឌិត Nina Lu អ្នកជំនាញផ្នែកខ្វិនផ្ទៃមុខនៅមហាវិទ្យាល័យ Washington បានឱ្យដឹងដែរថា តារាចម្រៀងJustin អាចទាមទារពេលរាប់ខែ ដើម្បីជាសះស្បើយពីជំងឺ។ ទោះជាយ៉ាងណា នាងបានបន្ថែមដែរថា អាការខ្វិននេះ គឺនឹងមិនកើតមានជារៀងរហូតឡើយ ដោយក្នុងអ្នកជំងឺ ១០ នាក់ មាន ៧ នាក់ហើយ ដែលអាចជាសះស្បើយឡើងវិញនោះ។
លើសពីនេះ គ្រូពេទ្យជំនាញទាំង ២ ខាងលើ ក៏បានលើកឡើងដែរថា Justin នៅវ័យក្មេងបែបនេះ ការជាសះស្បើយអាចនឹងទាមទារត្រឹមពេលប៉ុន្មានសប្ដាហ៍ក៏ថាបាន៕