ក្រោយទំនេរបេះដូងជាង ២ ឆ្នាំ ពេលនេះ Toey Jarinporn ទម្លាយកំពុងមើលចិត្តជាមួយអ្នកថ្មីហើយ
ស្រីស្រស់ Toey Jarinporn ជាតារាស្រីពោរពេញទៅដោយសមត្ថភាព ក៏ដូចជាសម្រស់ស្អាតមិនធម្មតាឡើយ។ នាងហាក់ជោគជ័យរលូននៅក្នុងវិស័យសិល្បៈ ប៉ុន្តែចំណែករឿងស្នេហាវិញ មើលទៅដូចជាមិនសូវរលូនប៉ុន្មាននោះទេ ដោយក្រោយពីបែកគ្នាជាមួយតារាប្រុស Alex Theeradeth រួចនោះ Toey បានទុកបេះដូងទំនេរជាង ២ ឆ្នាំមកហើយ។
យ៉ាងណាមិញ ពេលនេះបេះដូងរបស់នាងប្រហែលជាលេងទំនេរទៀតហើយ ដោយថ្មីៗនេះ Toey ទើបតែទម្លាយថា ខ្លួនកំពុងមើលចិត្តជាមួយអ្នកថ្មីហើយ។ នាងបានឱ្យដឹងថា កន្លងមក ២ ឆ្នាំនេះ នាងមិនបានបើកចិត្តជាមួយអ្នកណានោះទេ ទើបតែឥឡូវនេះនាងក៏ទើបតែចាប់ផ្តើមបើកចិត្ត ហើយក៏មានអ្នកចូលមកហើយ នាងក៏កំពុងតែសិក្សាមើលចិត្តជាមួយគេដែរ។
ចំណែកមូលហេតុដែលធ្វើឱ្យនាងបានបើកចិត្តលើកនេះនោះ គឺនាងមានអារម្មណ៍ថា ខ្លួនចាប់ផ្តើមចាស់ទុំជាងមុនហើយ ហើយក៏បានជួបមនុស្សដែលខ្លួនចង់រៀនស្គាល់ ទើបសម្រេចចិត្តចាប់ផ្តើមម្តងទៀតបែបនេះ។
នាងបន្តទៀតថា អ្នកដែលនាងកំពុងមើលចិត្តនេះ គឺជាអ្នកក្រៅសិល្បៈ ព្រមទាំងមានអាយុច្រើនជាងនាងទៀត ហើយតាមពិតទៅនាងក៏ស្គាល់គេមកជាយូរហើយ តែសុំមិនបញ្ចេញច្រើនជាងនេះទៀតទេ ព្រោះគ្រូទាយថាឱ្យនៅស្ងៀមៗស្ងាត់ៗសិន។
ដោយឡែក សម្រាប់ក្រុមមិត្តភក្តិរបស់នាងនៅមិនទាន់មានអ្នកណាដឹងនៅឡើយទេថានាងកំពុងមានអ្នកមើលចិត្តជាមួយអ្នកថ្មីនោះ ពោលគឺនាងមិនទាន់ប្រាប់អ្នកណាទាំងអស់។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាសប្បាយចិត្តមិនស្ទើរនោះទេ ព្រោះពេលនេះតារាសំណព្វចិត្តកំពុងតែសាងស្នេហ៍ថ្មីហើយ ក្រោយពីនៅឯកាជាង ២ ឆ្នាំនោះ ហើយគេក៏ជូនពរនាងឱ្យជួបស្នេហ៍ថ្មីសមបំណងផងដែរ៕