ដល់ថ្នាក់ហ្នឹង! កូនប្រុស Elon Musk ដាក់ពាក្យទៅតុលាការ ចង់ប្តូរឈ្មោះ ប្តូរភេទ ហើយកាត់កាលឪពុកចោល
ពិតជាបានធ្វើឱ្យមហាជនទាំងឡាយភ្ញាក់ផ្អើលមិនស្ទើរឡើយ ក្រោយកូនប្រុសរបស់កំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon musk បានដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីប្តូរភេទកំណើត និង ឈ្មោះកំណើត ព្រោះតែចង់បញ្ចប់ទំនាក់ទំនងជាមួយនឹងឪពុកបង្កើតរបស់ខ្លួន។
តាមព័ត៌មានបានឱ្យដឹងថា កូនប្រុសរូបនេះឈ្មោះ Xavier Musk សព្វថ្ងៃមានអាយុ ១៨ ឆ្នាំ គឺជាកូនភ្លោះប្អូនរបស់ភរិយាទីមួយរបស់ Elon musk ដែលបានចែកផ្លូវគ្នាតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ ក្នុងនោះ គេចង់ឱ្យប្តូរភេទរបស់ខ្លួនពីភេទប្រុសទៅភេទស្រី ព្រមទាំងប្តូរឈ្មោះពី Xavier Musk នេះ ទៅជា Vivian Jenna Wilson វិញ ដោយយកត្រកូលម្តាយមកដាក់ជំនួសឱ្យត្រកូលរបស់ឪពុក។
លើសពីនេះទៅទៀត មូលហេតុដែលគេបានអះអាងក្នុងការស្នើសុំនេះ គឺដោយសារតែចង់បញ្ជាក់ពីអត្តសញ្ញាណភេទរបស់ខ្លួន និង បានប្រាប់ទៀតថា ខ្លួនមិនបានរស់នៅជាឪពុកទៀតនោះទេ ព្រមទាំងមិនចង់ពាក់ព័ន្ធជាមួយឪពុកក្នុងគ្រប់បែបគ្រប់ទម្រង់តែម្តង។
យ៉ាងណាមិញ Xavier បានដាក់ពាក្យស្នើសុំរបស់ខ្លួនតាំងពីខែមេសាមកម្ល៉េះ នាក្រុង Los Angeles សហរដ្ឋអាមេរិក ប៉ុន្តែព័ត៌មានទើបតែផ្ទុះចេញក្រៅនៅតាមបណ្តាញសង្គមថ្មីៗនេះឯង។ ដោយឡែក ខាង Elon Musk ដែលជាឪពុកវិញ នៅមិនទាន់បានចេញមុខមកបកស្រាយណាមួយ ទាក់ទងនឹងរឿងរ៉ាវទាក់ទងនឹងកូនរបស់ខ្លួននៅឡើយទេ៕