អីយ៉ូយ! Aff ធ្វើឱ្យមហាជនសង្ស័យ កំពុងផ្តើមស្នេហ៍ថ្មីនឹងប្រធានគណបក្សជួរមុខថៃមួយ
ពិតជាធ្វើឱ្យមហាជនមានសេចក្ដីរំភើបចិត្តជាខ្លាំង ដោយថ្មីៗនេះ ស្រាប់តែមហាជនផ្ទុះការចាប់អារម្មណ៍ទំនាក់ទំនងរបស់តារាសម្ដែងស្រីជួរមុខថៃ Aff Taksaorn និង ប្រធានគណបក្ស Move Forward Party ឬ ជាភាសាថៃហៅថា « ก้าวไกล » (កាវក្លៃ) គឺលោក Pita Limjaroenrat ។
មូលហេតុដែលនាំឱ្យមានការសង្ស័យនេះឡើង ក៏ព្រោះតែគេសង្កេតឃើញថាអ្នកទាំងពីរហាក់មានសម្ពន្ធភាពស្និទ្ធស្នាលនឹងគ្នា។ បន្ថែមពីនោះ ក្រោយពីមានការសង្ស័យមក នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ លោក Pita Limjaroenrat ក៏បានចេញមុខបកស្រាយច្បាស់ៗ នៅនឹងមុខអ្នកសារព័ត៌មានថា ៖ «សម្ពន្ធភាពលោក និង តារាស្រី Aff គឺគ្រាន់តែជាអ្នកស្គាល់គ្នាជិតស្និទ្ធប៉ុណ្ណោះ។ សម្រាប់តារាស្រី Aff គ្រាន់តែមកប្រឹក្សារឿងសាលារៀនកូនស្រីជាមួយនឹងលោកធម្មតាៗ ពុំមានទំនាក់ទំនងស៊ីជម្រៅណាមួយឡើយ»។
លើសពីនោះ ប្រធានគណបក្សរូបនេះក៏បាន បន្ថែមទៀតថា៖ «លោកពិតជាគ្មានសម្ពន្ធភាពជាមួយតារាស្រី Aff ពិតប្រាកដមែន ហើយសម្រាប់ពេលនេះ លោកក៏នៅទំនេរដូចគ្នា»។
ដោយឡែក បើងាកទៅមើលតារាស្រី Aff ខណៈនេះហាក់ពុំទាន់ឃើញចេញមុខបកស្រាយនៅឡើយទេ តែយ៉ាងណាសម្រាប់មហាជន ក៏មានការពេញចិត្ត និង ផ្គូរផ្គងឱ្យអ្នកទាំងពីរអាចស្វែងយល់ចិត្តគ្នា បើសិនជាអាចទៅរួច៕