ស្ដាប់ហើយរំភើបចិត្ត! Tor ទម្លាយអារម្មណ៍ទៅកាន់អ្នកគាំទ្រ ក្រោយជោគជ័យលើវិថីសិល្បៈ
Tor Thanapob ជាតារាសម្ដែងប្រុសវ័យក្មេងមានរូបសម្រស់ស្រស់សង្ហា ដែលជាបុរសក្នុងក្ដីស្រមៃមនុស្សស្រីគ្រប់រូប ព្រោះថាមិនត្រឹមតែមានរូបសម្បត្តិល្អល្អះប៉ុណ្ណោះទេ រីឯទេពកោលស្យវិញក៏ខ្លាំងមិនធម្មតាដែរ រហូតផលិតករធំៗក្នុងប្រទេសហៅសម្ដែងក្នុងភាពយន្តធំៗជាច្រើនទៀតផង។
ជាការពិត ទោះជាតារាស្រករក្រោយមែន ក៏ប៉ុន្តែ Tor ហាក់ក្ដាប់បានទីផ្សារសិល្បៈច្រើនជាបន្តបន្ទាប់សឹងតែរកពេលសម្រាកគ្មានឡើយ។ កន្លងមកតារាប្រុសរូបនេះបានសម្ដែងជាមួយនឹងតារាជួរមុខប្រចាំប្រទេសថៃល្បីៗជាច្រើន នេះក៏ដោយសារតែមើលឃើញពីរូបសម្បត្តិ និង សមត្ថភាពរបស់ Tor នេះឯង។
ទន្ទឹមនឹងភាពជោគជ័យលើវិស័យសិល្បៈនេះ តារាប្រុស Tor ក៏មិនភ្លេចដែរ នូវអ្នកគាំទ្ររបស់លោក ដោយក្នុងបទសម្ភាសក្នុងកម្មវិធី Woody Talk កាលពីពេលកន្លងទៅតារាប្រុសវ័យ ២៨ រូបនេះ បាន សម្ដែងការដឹងគុណ និង អរគុណចំពោះអ្នកគាំទ្ររបស់លោក ព្រោះតែមានវត្តមានអ្នកគាំទ្រហ្នឹងហើយ ទើបធ្វើឱ្យជីវិតលោកមានភាពល្បីល្បាញបានដូចសព្វថ្ងៃ។
បន្ថែមលើសពីនោះ តារាប្រុស Tor ក៏បានបន្តថា ៖ «លោកជាមនុស្សដែលផ្តល់កិត្តិយសឱ្យអ្នកគាំទ្ររបស់លោកណាស់ ព្រោះថាអ្នកគាំទ្រម្នាក់ៗបានចំណាយកម្លាំងកាយកម្លាំងចិត្ត និង ថវិកាផ្ទាល់ខ្លួនទៀតដើម្បីចូលរួមគាំទ្រ ដូចនេះលោកនឹងធ្វើខ្លួនជាអ្នកសិល្បៈម្នាក់ដែលមិនធ្វើឱ្យអ្នកគាំទ្រខកបំណងឡើយ»៕