Tong Tong ស័្មគ្រធ្វើជាបុគ្គលិកប្រមូលសំរាមម្តង ស្រាប់តែទម្លាយអារម្មណ៍ពិតត្រង់ៗបែបនេះ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាប្រុសរូបសង្ហា Tong Tong ព្រោះមួយរយៈចុងក្រោយនេះ អ្នកកំលោះរូបនេះ ហាក់លេចមុខនៅលើបណ្តាញសង្គមមិនដែលដាច់ឡើយ ពិសេស ទាក់ទងនឹងរឿងស្នេហ៍របស់លោក ជាមួយនារីរូបស្រស់ Best តែម្តង។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃតារាប្រុសរូបនេះតែងតែនាំអ្វីដែលប្លែកបង្ហាញឱ្យមហាជនអ្នកគាំទ្របានប្លែកអារម្មណ៍ជានិច្ច។
តួយ៉ាងដូចនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ នេះអ៊ីចឹង ជាថ្ងៃដែលតារាប្រុសរូបនេះថតនៅក្នុងកម្មវិធីរបស់លោក ដែលមានឈ្មោះថា «តាមខ្ញុំ»។ ក្នុងនោះ Tong Tong ហាក់មិនខ្វល់ថាឈ្មោះជាតារាល្បីអ្វីនោះទេ ពោលគឺលោកបានស្ម័គ្រខ្លួនធ្វើជាអ្នកប្រមូលសំរាមមួយថ្ងៃ ជាមួយនឹងបុគ្គលិកប្រមូលសម្រាម ធ្វើឱ្យមហាជនឃើញហើយបើកភ្នែកធំៗតាមមើលលោកស្ទើរគ្រប់គ្នា។
យ៉ាងណាមិញ ក្រោយធ្វើសកម្មភាពប្រមូលសំរាមចប់ តារាប្រុសរូបនេះស្រាប់តែទម្លាយអារម្មណ៍ទាំងនេះឡើងថា ៖ «រយៈពេលមួយថ្ងៃ ដែលខ្ញុំសាកល្បងការងារមួយនេះ ធ្វើឱ្យខ្ញុំដឹងថា ពួកបងៗដែលជាបុគ្គលិកប្រមូលសំរាមទាំងអស់ តជាមានការលះបង់ខ្លាំងណាស់ ព្រោះអាវក៏ក្តៅ ក្លិនសំរាមក៏ស្អុយ។ ខ្ញុំទទួលស្គាល់ហើយថា ការងារមួយនេះ គឺជាការងារដែលគួរតែលើកតម្កើងជាទីបំផុត ហើយខ្ញុំសង្ឃឹមថា បងៗ ប្អូនៗ ដែលចោលសំរាមសូមមេត្តាទុកដាក់ឱ្យបានត្រឹមត្រូវផងចុះ ដើម្បីជួយសម្រាលការងារបងៗអ្នកប្រមូលសំរាមទាំងអស់»។