អតីតតួកុនខ្មែរជំនាន់ ៨០-៩០ លោកស្រី ប៊ុនឈឿន សូរីដា ចាប់អាជីពជាអ្នកបញ្ចូលសំឡេង សាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺ
បើរំឭកមកដល់ឈ្មោះតួស្រីម្នាក់មានឈ្មោះ ប៊ុនឈឿន សូរីដា ប្រហែលជាមានមហាជនអ្នកគាំទ្រមិនតិចទេ មិនបានចាំមុខមាត់ ហើយប្រសិនបើឃើញមុខមានផ្ទាល់នាពេលនេះ ក៏ប្រហែលជាមិនស្គាល់ឈ្មោះផង ព្រោះអតីតតារាសម្តែងស្រីរូបនេះ បានចាកចេញពីវិថីសិល្បៈយូរណាស់ហើយ។
ពិតណាស់ អ្នកស្រី ប៊ុនឈឿន សូរីដា គឺជាតារាសម្ដែងដ៏ល្បីល្បាញមួយរូបក្នុងទសវត្សរ៍ ៨០-៩០ ហើយអ្នកស្រីក៏ត្រូវជាបងស្រីបង្កើតរបស់តារាសម្ដែង ប៊ុនឈឿន សូរីយ៉ាន ផងដែរ។ អតីតតារាសម្តែងទាំងពីររូបនេះ គឺត្រូវជាកូនស្រីរបស់កវីនិពន្ធស្ទឹងសង្កែ គង្គ ប៊ុនឈឿន។
អ្នកស្រី ប៊ុនឈឿន សូរីដា បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្ដនៅក្នុងឆ្នាំ ១៩៨៩។ អ្នកស្រីបានចូលរួមសម្តែងភាពយន្តជាច្រើន ប៉ុន្តែរឿងដែលធ្វើមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានដូចជា រឿង «ស្លៀកខ្យល់ដណ្តប់មេឃ» រឿង «ព្រះគុណម៉ែ» រឿង «ទឹកភ្នែកឪពុក» ដោយរឿងទាំងនោះភាគច្រើនអ្នកស្រីសម្តែងរួមជាមួយតួប្រុសគឺលោក កេត សូបូរិទ្ធ។ ជាមួយគ្នានោះ អ្នកស្រីក៏ធ្លាប់សម្តែងចម្រៀងកាយវិការជាច្រើនបទទៀតផង។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ១៩៩៣ អតីតតារាសម្តែង ប៊ុនឈឿន សូរីដា ក៏បានលាឈប់ពីអាជីពសម្តែង និង បានសាងគ្រួសារ។ បច្ចុប្បន្នអតីតតារាសម្តែងរូបនេះ ក៏កំពុងរស់នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមគ្រួសារ ហើយអ្នកស្រីក៏មានឋានៈជាជំទាវផងដែរ ព្រោះអតីតតារាសម្ដែងរូបនេះ មានស្វាមីជាមន្រ្តីរាជការមានតួនាទីខ្ពង់ខ្ពស់មួយរូប។
បច្ចុប្បន្ន អតីតតារាសម្តែង ប៊ុនឈឿន សូរីដា ទោះបីថាលាឈប់លែងប្រឡូកការសម្តែងដូចមុន ប៉ុន្តែងលោកស្រីមិនបានទៅណាឆ្ងាយពីវិស័យនេះឡើយ ដោយលោកស្រីបានចាប់អាជីពជាអ្នកបញ្ចូលសំឡេងល្បីឈ្មោះមួយរូប និង កំពុងបំពេញការងារនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ CTN។ ភាគច្រើន មហាជនបានស្ដាប់សំឡេងដ៏ពីរោះរបស់លោកស្រី បញ្ចូលទៅលើតួអង្គឯកស្រី នានានៅក្នុងខ្សែភាពយន្ដថៃ កូរ៉េ ហុងកុង និង ស្ពតពាណិជ្ជកម្មជាច្រើន៕