David Harbour ទ្រាំអត់ ទ្រាំឃ្លាន រហូតស្រកជិត ៤០ គីឡូ ដើម្បីធ្វើរឿងនេះ
ថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បី David Harbour បានធ្វើការទម្លាយពីអាថ៌កំបាំង ដែលធ្វើឱ្យលោកស្រកទម្ងន់យ៉ាងសម្បើមក្នុងការដើរតួឱ្យល្អស័ក្ដិសមនឹងរឿង «Stranger Things 4»។
តារាប្រុសវ័យ ៤៧ ឆ្នាំ ដែលដើរជាតួអង្គ Hopper ក្នុងរឿងភាគបរទេសដែលកំពុងផ្ទុះខ្លាំងលើកម្មវិធី Netflix នេះ បានតស៊ូប្រឹងប្រែងសម្រកគីឡូ ក្រោយតួអង្គរបស់លោកត្រូវបានរដ្ឋាភិបាលរុស្ស៊ីចាប់ខ្លួនក្លាយជាអ្នកទោសក្នុងពន្ធនាគារ។
ថ្លែងក្នុងបទសម្ភាស តារាប្រុសកំពុងផ្ទុះប្រជាប្រិយភាពខ្លាំងរូបនេះបានទម្លាយថា ដំណើរការនៃការសម្រកគីឡូរបស់លោក គឺមិនងាយស្រួលនោះឡើយ។ លោកបានឱ្យដឹងថា ៖ «វាមិនងាយស្រួលនោះទេ ខ្ញុំត្រូវបង្ខំចិត្តមិនញ៉ាំអាហារ ដើម្បីឱ្យស្រកគីឡូច្រើនបែបនេះ ហើយខ្ញុំពិតជាឃ្លានខ្លាំងណាស់»។
តួអង្គ Hopper រូបនេះបាននិយាយលេងសើចទៀតថា ៖ «នេះហើយជាអាថ៌កំបាំង ប្រសិនបើគ្រប់គ្នាឆ្ងល់ថាអាថ៌កំបាំងសម្រកគីឡូខ្ញុំយ៉ាងណានោះ នេះហើយគឺគ្រាន់តែមិនញ៉ាំអាហារនេះឯង»។
គួរឱ្យដឹងដែរថា David Harbour បានទម្លាយឱ្យដឹងថា រូបលោកបានស្រកទម្ងន់រហូតដល់ជាង ៨០ ផោន (ជាង ៣៦ គីឡូក្រាម) ដោយលទ្ធផលនៃការតមមិនញ៉ាំអាហារនេះ៕