កាក់កបណាស់! ទើបទិញផ្ទះរាប់លាន ឥឡូវ G-Dragon ទៅកៅឆាយឡានតម្លៃជិត ៣ លានដុល្លារទៀត
បើទោះជាមិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈ តែមើលទៅឆ្នាំ ២០២២ នេះ ហាក់ដូចជាកាក់កបមិនតិចនោះទេ សម្រាប់កំពូលតារា G-Dragon ព្រោះទើបតែទិញផ្ទះថ្មីមិនទាន់បានប៉ុន្មានផង ឥឡូវនេះលោកក៏ងាកទិញឡានទំនើបថ្មីថែមមួយគ្រឿងទៀតហើយ។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា កាលពីខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្ងាត់ៗប្រុសស្អាត G-Dragon បានសំងំជះលុយទិញផ្ទះជាប្រភេទ Penthouse មួយ ស្ថិតក្នុងចំណោមផ្ទះថ្លៃជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េ ដែលមានតម្លៃរហូតដល់ ១៣.១ លានដុល្លារឯណោះ ហើយសុទ្ធតែទិញជាលុយសុទ្ធថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីនោះមិនយូរប៉ុន្មាន នៅថ្មីៗនេះតារាប្រុស G-Dragon បានបង្ហើបឱ្យមហាជនអ្នកគាំទ្របានដឹងទៀតហើយ ថាខ្លួនបានស្វាមគន៍ឡានទំនើបថ្មីសន្លាងមួយគ្រឿងទៀត បើកឆាកខែកក្កដានេះ តាមរយៈការបង្ហោះលើបណ្តាញ IG របស់លោកផ្ទាល់ ដែលធ្វើឱ្យគេអត់ច្រណែនមិនបានតែម្តង។
ក្នុងនោះ តាមរយៈរូបភាពដែល G-Dragon បានបង្ហោះលើ IG គេឃើញថា ឡានថ្មីដែលលោកទើបតែស្រវាបានជាម្ចាស់នេះ គឺជាឡានម៉ាក Bugatti Chiron ដែលមើលទៅតូចច្រឡឹងសមសួន និងពិតជាទំនើបស្អាតប្លែកភ្នែកយ៉ាងខ្លាំង។
លើសពីនេះទៅទៀត ឡានម៉ាកនេះ ត្រូវបានគេដឹងថា មានចំនួនតែ ២ គ្រឿងប៉ុណ្ណោះ ដែលនាំចូលក្នុងប្រទេសកូរ៉េ ក្នុងមួយគ្រឿងមានតម្លៃរហូតដល់ ២.៥ លានដុល្លារឯណោះ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ពិតជានឹកសរសើរនូវភាពមានបានរបស់តារាប្រុសរូបនេះណាស់ មិនសូវឃើញមុខក្នុងសិល្បៈ តែបែរសំងំចាយលុយយ៉ាងរំភើយតែម្តង៕