ប្រិយមិត្តមួយចំនួន ប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ នូវខ្សែភាពយន្តមួយដែលមានចំណងជើងថា «Fifty Shades» សម្ដែងដោយតួឯកប្រុសដែលមានឈ្មោះថា Christian Grey មានឈ្មោះពិត Jamie Dornan និង តួស្រីឈ្មោះ Anastasia Steele ឈ្មោះពិត Dakota Johnson។
ខ្សែភាពយន្តរឿង «Fifty Shades» នេះគឺជាប្រភេទរឿងបែបរ៉ូមែនទិករវាងកំលោះសង្ហាលំដាប់សេដ្ឋីម្នាក់ លង់ស្នេហ៍នឹងនារីវ័យជំទង់សាមញ្ញម្នាក់រហូតដល់បានរៀបការជាមួយគ្នា ដែលពួកគេទាំងពីរមានអាយុខុសពីគ្នាដល់ទៅ ៦ ឆ្នាំឯណោះ។
ដោយឃើញការសម្ដែងរបស់ពួកគេទាំងពីរមានភាពស្និទ្ធស្នាល និង ការសម្ដែងក្នុងឈុតស្នេហារោលរាលត្រង់ឈុតលើគ្រែល្អខ្លាំងពេក ទើបធ្វើឱ្យអ្នកគាំទ្រភាគច្រើនបានគិតថាតួឯកទាំងពីរនេះ អាចនឹងកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាក្រៅសាច់រឿងយ៉ាងល្អូកល្អិនផងដែរ។
ដោយឡែក ក្នុងបទសម្ភាសន៍របស់កម្មវិធី Vanity Fair ជាមួយនឹងតួឯកស្រីក្នុងរឿង Fifty Shades នោះ នាងបាននិយាយជុំវិញរឿងចចាមអារ៉ាមរវាងនាង និងតួប្រុស ថារូបគេទាំងពីរមិនមានពេលណាដែលមិនចុះសម្រុងជាមួយគ្នា ឬ មើលមុខគ្នាមិនចំនោះឡើយ។
យ៉ាងណាមិញ នាងបានបញ្ជាក់ថា នាងស្រឡាញ់លោក Jamie ប៉ុន្តែនាងគិតថារឿងនេះវារាងចម្លែកបន្ដិចដែរ ដែលនាងគិតលើតួប្រុសមិនមានអ្វីលើសពីបងប្រុសម្នាក់នោះឡើយ។ នាងបានបន្ថែមទៀតថា ពួកគេទាំងពីរតែងតែនៅក្បែរគ្នាគ្រប់ពេលដែលពួកគេត្រូវការគ្នាទៅវិញទៅមក។ ត្រឹមតែប៉ុណ្ណោះទេ នាងបានថែមទាំងបាននិយាយថា ពួកគេជឿជាក់លើគ្នា ព្រមទាំងការពារគ្នាទៅវិញទៅមកផងដែរ។
ដូច្នេះហើយក្នុងន័យនេះ នាងបានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងតួទាំងពីរនៅក្រៅសាច់រឿង គឺគ្មានអ្វីក្រៅពីពាក្យថាស្រឡាញ់គ្នាដូចបងប្អូនល្អនោះទេ៕