ស្ងាត់ៗ តារាភាពយន្តជើងចាស់អ្នកស្រី វីរៈ តារា ឆ្លងខួបកំណើតអាយុ ៧៥ ឆ្នាំយ៉ាងរីករាយ
ប្រិយមិត្តដែលស្នេហាវិស័យភាពយន្ដខ្មែរកាលពីសម័យដើម ប្រាកដជាមិនទាន់ភ្លេចទេនូវវត្តមានតារាសម្ដែងល្បីល្បាញរូបសម្រស់ស្រស់សោភាពីធម្មជាតិ នោះគឺអ្នកស្រី វីរៈ តារា ប៉ុន្តែយ៉ាងណាក៏មានមហាជនមួយចំនួនស្ទើរតែភ្លេចមុខតារាសម្តែងដ៏ឆ្នើមរូបនេះផងដែរ បន្ទាប់ពីអ្នកស្រីបានលាឈប់ពីអាជីពសម្ដែងជាយូរឆ្នាំមកហើយនោះ។
អ្នកស្រី វីរៈ តារា មានឈ្មោះដើមថា គឹម ហៀក កើតនៅថ្ងៃទី ៧ ខែកកក្កដា ឆ្នាំ ១៩៤៧ នៅឯទីរួមខេត្តកំពត អ្នកស្រីគឺជាអតីតតារាភាពយន្តមួយដួងដែលមានប្រជាប្រិយភាពខ្លាំងកាលពីអំឡុងទសវត្សរ៍ទី ៦០ និង ៧០ ដែលទស្សនិកជននៅចងចាំមិនទាន់ភ្លេចទេនូវទេពកោសល្យសម្ដែងដ៏ស័ក្តិសមឥតខ្ចោះរបស់អ្នកស្រីតាមរយៈខ្សែភាពយន្តនាសម័យនោះជាច្រើន ជាពិសេសគឺរឿង «អនអើយស្រីអន»។
មកដល់បច្ចុប្បន្នតារាភាពយន្តដ៏មានឈ្មោះបោះសំឡេងពីអតីតកាលរូបនេះ មានអាយុ ៧៥ ឆ្នាំហើយ ដោយខួបកំណើតរបស់អ្នកស្រីឆ្នាំនេះ ត្រូវបានអ្នកគាំទ្រកម្ពុជាជាច្រើនបាននាំគ្នាផ្ញើសារជូនពរដល់អ្នកស្រីយ៉ាងច្រើនផុសផុល ទុកជាការចងចាំដ៏ល្អមួយសម្រាប់អ្នកស្រីព្រោះបើទោះបីជាអ្នកស្រីបានឃ្លាតឆ្ងាយពីសិល្បៈរាប់សិបឆ្នាំមកហើយក្ដី ប៉ុន្ដែនៅមានអ្នកគាំទ្រជាច្រើននឹករឭកដល់អ្នកស្រីជានិច្ច។
គួរឱ្យដឹងដែរថា អ្នកស្រី វីរៈ តារា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក លី ប៊ុនយីម ជាចាងហ្វាងផលិតកម្មរន្ទះពេជ្រភាពយន្ត នៅឆ្នាំ ១៩៦៤ ហើយមានបុត្រ ៥ នាក់ សុទ្ធតែប្រុសទាំងអស់។ នៅឆ្នាំ ១៩៦៥ ក្នុងវ័យ ១៨ ឆ្នាំ អ្នកស្រីបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរដំបូង តាមរយៈការជួយជ្រោមជ្រែងរបស់លោក លី ប៊ុនយីម ដែលជាស្វាមីរហូតទទួលជោគជ័យមានការគាំទ្រយ៉ាងច្រើនលើវិថីសិល្បៈមួយនេះ។
សព្វថ្ងៃនេះអ្នកស្រី វីរៈ តារា កំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខ ហើយអ្នកស្រីក៏តែងបានធ្វើដំណើរមកលេងមាតុប្រទេសជាញឹកញាប់ ដើម្បីចូលរួមកម្មវិធីផ្សេងៗផងដែរ និង ចុងក្រោយនេះ គេបានឃើញវត្តមានអ្នកស្រីយ៉ាងកម្រតាមរយៈកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូលកាលទី ៣ ទៀតផង៕