ភ្ញាក់ផ្អើល! គូស្នេហ៍ ពេជ្រ សូលីកា ប្រកាសច្បាស់ៗចែកផ្លូវគ្នាធ្វើជាមិត្ត ក្រោយផ្ទុះរឿងរកាំរកូស
មួយរយៈធំមកហើយដែលតារាចម្រៀងស្រីរូបស្រស់ ពេជ្រ សូលីកា មិនបានថតរូបបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយស្វាមីដូចកាលពីពេលកន្លងទៅ ហើយចន្លោះពេលនេះក៏មានព័ត៌មានចចាមអារ៉ាមលលេចឮថា ចំណងស្នេហ៍រវាងតារាស្រីរូបនេះ និង ស្វាមីរូបសង្ហា Han Khim ជួយរឿងរកាំរកូសបន្តិចបន្ដួច ប៉ុន្ដែទាក់ទងនឹងពាក្យចចាមអារ៉ាមលេចឮនេះ ប្ដីប្រពន្ធអ្នកទាំងពីរក៏មិនទាន់បានបកស្រាយអ្វីច្រើនដែរ។
ដោយឡែក នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ ស្រាប់តែគេឃើញលោក Han Kim បានចេញមកបង្ហោះសារនៅលើគណនីអ៊ីនស្ត្រាក្រារបស់លោក ដោយបានសរសេររៀបរាប់ថា ពេលនេះលោក និង អ្នកនាង ពេជ្រ សូលីកា បានសម្រេចចិត្តចែកផ្លូវគ្នាហើយ ក៏ប៉ុន្តែអ្នកទាំងពីរនៅតែរាប់គ្នាជាមិត្តល្អ ព្រមទាំងធ្វើជាអាណាព្យាបាលទទួលខុសត្រូវចំពោះកូនប្រុសដូចដើម ថ្វីដ្បិតចំណងស្នេហ៍ត្រូវដើរដល់ទីបញ្ចប់ក្ដី។
នេះជាការបង្ហោះសារលោក Han Kim ៖ «អ្វីដែលស្ថិតក្នុងពេលអនាគត គឺមិនច្បាស់លាស់ តែអតីតកាលគឺជាគ្រូបង្រៀនពួកយើង ហើយបច្ចុប្បន្នកាលគឺជាពេលដែលពួកយើងគិតថាអាចផ្លាស់ប្តូរអនាគតបានឬអត់? ក្នុងអំឡុងពេលដែលខ្ញុំ និង ពេជ្រ សូលីកា ទាក់ទងគ្នា ពួកយើងមានពេលវេលាល្អៗឱ្យគ្នាជាច្រើន ហើយវាពោរពេញដោយក្តីស្រឡាញ់ ដំណើរជីវិតរបស់ពួកយើងចាប់តាំងពីពេលចាប់ផ្តើមរហូតដល់ថ្ងៃនេះ គឺបាននាំឱ្យយើងមានចំណងដៃជីវិតយ៉ាងស្រស់ស្អាតនោះគឺ កូនប្រុស Wednesday Aari។
ក្រោយពីធ្វើការពិភាក្សាគ្នាជាច្រើនលើកជាច្រើនសា ពួកយើងក៏បានសម្រេចចិត្តរួមគ្នាថា ពួកយើងគឺនឹងធ្វើជាឪពុកម្តាយចិញ្ចឹមកូនរួមគ្នា និង ជាមិត្ត ដើម្បីអនាគតកូនរបស់យើង។ ខ្ញុំបានត្រឹមតែជូនពរនាងឱ្យមានសេចក្តីសុខ ហើយអ្វីដែលនាងប៉ងចង់បាន គឺបានសម្រេច និង អាចយកឈ្នះឧបសគ្គជីវិតទាំងអស់ក្នុងជីវិត។ និយាយចេញពីក្តីស្រឡាញ់ និង ការគោរព ពីខ្ញុំ និង គ្រួសារ Han!»។
ជាមួយនឹងដំណឹងនេះ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថាគូស្នេហ៍ដ៏ផ្អែមល្ហែមនេះចែកផ្លូវគ្នាស្ងាត់ៗបែបនេះឡើយ៕