(វីដេអូ) ស្តាប់ម្តងណាក៏ពីរោះ! Kai ទម្លាយដំណើរការនិពន្ធបទ «Mascara ទឹកភ្នែក» បទដែលផ្ទុះល្បីខ្លាំងមិនចេះសាប
មហាជនសុទ្ធតែបានជ្រាបហើយពី លោក Kai ដែលមួយរយៈចុងក្រោយនេះ លោក មិនត្រឹមតែទទួលបានការចាប់អារម្មណ៍សរសើរចំពោះទេពកោសល្យក្នុងវិស័យសម្ដែង និងរូបរាងដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោកនោះទេ តែលោកក៏ឆក់បានប្រជាប្រិយភាពខ្លាំងក្នុងវិស័យតន្រ្តីផងដែរ។
ពិតណាស់ មួយរយៈនេះ លោក Kai កំពុងឆក់បានចិត្តមហាជនអ្នកគាំទ្រស្ទើរទូទាំងប្រទេស ខណៈលោកបានបោះជំហានយ៉ាងពេញទំហឹង និងជោគជ័យខ្លាំងក្នុងវិស័យតន្រ្តី ដែលបានផលិតបទចម្រៀង Original Song ជាបន្តបន្ទាប់សុទ្ធសឹងតែផ្ទុះការគាំទ្រ ជាពិសេសថ្មីៗនេះ គឺបទចម្រៀង «Mascara ទឹកភ្នែក»របស់លោក កំពុងពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ។
យ៉ាងណាមិញ ស្របពេលបទចម្រៀង «Mascara ទឹកភ្នែក» របស់លោក មានសន្ទុះនៃការគាំទ្រខ្លាំងបែបនេះដែរ គេឃើញថា Kai ក៏កាន់តែមានទីផ្សារសិល្បៈខ្លាំង ដែលត្រូវបានគេអញ្ចើញចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីតូចធំជាច្រើន ព្រមទាំងមានការធ្វើកិច្ចសម្ភាសក្នុងកម្មល្បីៗជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ Kai ក៏ត្រូវបានអញ្ចេញចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «អ្នកជិតខាង» ដែលលោកបាននិយាយរៀបរាប់ពីជីវិតសិល្បៈផ្សេងៗជាច្រើន ដោយក្នុងនោះ Kai ក៏បានទម្លាយមូលហេតុ និងដំណើរការនៃការផលិតបទចម្រៀង «Mascara ទឹកភ្នែក» ដែលកំពុងផ្ទុះល្បីខ្លាំងនេះផងដែរ។
ក្នុងនោះ Kai បានរៀបរាប់ឱ្យដឹងថា ចំពោះបទមួយនេះ លោក បានបង្កើត Melody ចម្រៀង លេងជាមួយហ្គីតាខ្លះៗ តាំងពីអំឡុងឆ្នាំ ២០១៨ មកម៉្លេះ ប៉ុន្តែក៏ពុំទាន់បានសរសេរទំនុកច្រៀងនៅឡើយ រហូតដល់ ២០២០ លោក ក៏បានឃើញសាច់រឿងជាក់ស្ដែងមួយ ដូចនឹងអត្ថន័យបទចម្រៀងខាងលើ គឺទាក់ទងនឹងនារីស្រស់ស្អាតសិចស៊ីម្នាក់កំពុងអង្គុយសោកសៅខូចចិត្ត ដែលធ្វើឱ្យលោក ក៏ចាប់ផ្ដើមសង្កេតពីទិដ្ឋភាពនោះយកមកគិត និងធ្វើការសរសេរជាសាច់រឿងមួយធ្វើជាទំនុកច្រៀង និងបានចាប់ផ្ដើមផលិតបទ «Mascara ទឹកភ្នែក» នេះតែម្ដង៕