បែកធ្លាយវីដេអូ Bella ច្រៀងចម្រៀងមានអត្ថន័យចាក់ដោតពេក ធ្វើឱ្យមហាជនព្រួតគ្នាបញ្ចេញមតិ
មកទល់ពេលនេះរឿងរ៉ាវការបែកបាក់រវាង Weir និង តារាស្រី Bella ហាក់នៅរងំនៅក្នុងចិត្តរបស់មហាជននៅឡើយ បើទោះបីជាខាងប្រុសបានរៀបការជាមួយគូថ្មីហើយក៏ដោយ ព្រោះម្នាក់ៗនៅតែសង្កត់ធ្ងន់ និង រិះគន់ទៅលើ Weir ថា ផ្តើមស្នេហ៍លួចលាក់ជាមួយអ្នកថ្មីខណៈទាក់ទងអ្នកចាស់។
ជាក់ស្តែង បើទោះជា Weir រៀបការគូថ្មីរួចហើយក៏ដោយ តែអ្នកគាំទ្រខ្លះនៅតែតាមចាប់កំហុសមិនឈប់ឡើយ ពោលគឺម្នាក់ៗងាកទៅគាំទ្រ និង លើកកម្លាំងចិត្ត Bella វិញ ព្រោះគ្រប់គ្នាគិតថា រវាងការបែកបាក់គ្នាមួយនេះ Bella ជាអ្នករងគ្រោះ។
តួយ៉ាង ថ្មីៗនេះគ្រាន់តែមានអ្នកលេងបណ្តាញសង្គមម្នាក់បានចែករំលែកបទចម្រៀងដែលតារាស្រី Bella ច្រៀងបទ «បេះដូងអ្នកលេង» យកទៅបង្ហោះនៅលើបណ្តាញសង្គមភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើនប្រញាប់បញ្ចេញមតិលើកជាកម្លាំងចិត្តជូន Bella គ្រប់គ្នា ព្រោះក្នុងអត្ថន័យចម្រៀ ងដែលនាងច្រៀងមានន័យយ៉ាងចាក់ដោតថា ៖ «ពេលឮថាអ្នកជ្រើសរើសនៅជាមួយគេ ជង្គង់ខ្ញុំលុតចុះទាំងញាប់ញ័រ ក្នុងចិត្តស្ទើរប្រេះបែក ព្រមដោះលែងឱ្យអ្នកទៅតាមចិត្តដែលអ្នកត្រូវការ ប្រឹងទាំងញញឹម និង ជូនពរឱ្យអ្នកជាមួយគេមានក្តីសុខ ចំណែកខ្ញុំនឹងបំភ្លេចទាំងអស់ថាខ្ញុំធ្លាប់យំ ខ្ញុំជាអ្នកណា ធ្លាប់ត្រូវគេបោះបង់»។
យ៉ាងណាមិញ ចំពោះការផ្ទុះការបញ្ចេញមតិលើប្រធានបទចម្រៀងនេះ មហាជនជាច្រើនបានគិតថា អត្ថន័យបទចម្រៀងដែល Bella ច្រៀងនេះ វាហាក់ស៊ីខ្លាំងចំពោះស្ថានភាពបច្ចុប្បន្នរបស់នាង ទាំងដែលការពិតនៃជម្រៅស្នេហាទំនាក់ទំនងរវាងនាង និង Weir ពីមុនយ៉ាងណា មានតែអ្នកទាំងពីរប៉ុណ្ណោះដែលដឹងច្បាស់ តែបញ្ហាស្នេហានេះ នៅតែជាភ្លើងក្ដៅក្នុងចិត្តរបស់ទស្សនិកជននៅឡើយ ពេលដែលឃើញតួអង្គប្រុសនៃរឿងនេះ បានសម្រេចចូលរោងការសាងជីវិតគូមុន៕