គ្រងមកុដរងទី ១ បានមិនដល់ ៥ ថ្ងៃផង នាង Praew ផ្ទុះការរិះគន់ភ្លែតពីមហាជនថៃ ជុំវិញរឿងក្តៅគគុកនេះ
ក្រោយពីកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Supranational ២០២២ បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ បវរកញ្ញាថៃ នាង Praew Wanichh គឺដណ្ដើមបានលំដាប់រងទី ១ ដែលធ្វើឱ្យប្រជាជនថៃមានសេចក្ដីរីករាយជាខ្លាំង។
បន្ទាប់ពីប្រកួតចប់ ខណៈនេះបវរកញ្ញាថៃ នាង Praew Wanichh ក៏បានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញហើយ។ ទន្ទឹមនឹងការទៅដល់ប្រទេសវិញគេឃើញថា បវរកញ្ញារូបនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមហាជនអ្នកគាំទ្រ ដោយម្នាក់ៗបានទៅសុំហត្ថលេខា ថតរូបជាអនុស្សាវរីយ៍គ្រប់ៗគ្នា។
យ៉ាងណាមិញ ជាមួយនឹងការត្រឡប់មកថៃថ្ងៃទី ១៨ កក្កដា ភ្លាម បវរកញ្ញារូបនេះក៏ផ្ទុះការរិះគន់ខ្លាំងដូចគ្នា បន្ទាប់ពីនាងបានបដិសេធការសុំថតរូបពីអ្នកគាំទ្រវ័យក្មេងម្នាក់នៅព្រលានយន្តហោះ ហើយត្រូវបានគេថតបានបង្ហោះឡើងលើបណ្ដាញសង្គម Tik Tok ។
បន្ទាប់ពីឃើញសកម្មភាពហាក់ឆ្គាំឆ្គងជាមួយអ្នកគាំទ្រដូចនោះ មហាជនហាក់សម្ដែងការមិនចិត្តឡើង ដោយម្នាក់រិះគន់មិនសំចៃមាត់ឡើយថា នាង Praew ជាមនុស្សឆ្មើងឆ្មៃ ឫកពា ពេលបានល្បីបន្តិចបន្តួច។
ដោយឡែក ងាកទៅមើលនាង Praew ឯណោះវិញ ក្រោយពីផ្ទុះរឿងផ្អើលពេញបណ្ដាញសង្គម Tik Tok មក បវរកញ្ញារូបនេះក៏បានចេញមុខបកស្រាយ ដោយទទួលស្គាល់ថានាងក៏មានចំណែកខុសដូចគ្នា ដែលពុំបានរាក់ទាក់គ្រប់ជ្រុងជ្រោយទៅមហាជនគ្រប់គ្នា ព្រោះនៅថ្ងៃនោះមនុស្សច្រើនពេក តែយ៉ាងសម្រាប់នាងគឺពុំមានការរើសអើងឆ្មើងឆ្មៃអ្វីនោះទេ ហើយនៅថ្ងៃនោះនាងក៏បានថតរូបជាមួយនឹងគាំទ្រម្នាក់នោះដែរ តែប្រហែលមហាជនអាចយល់ច្រឡំដោយឃើញត្រឹមតែរូបមួយសន្លឹក យ៉ាងណានាងក៏នៅតែសុំអភ័យទោសនូវកំហុសឆ្គងមួយនេះ៕