ផ្ទុះការសង្ស័យ ឱក សុគន្ធកញ្ញា កំពុងពពោះទាយាទទី ២ ក្រោយឃើញវីដេអូនេះ
កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា បច្ចុប្បន្ននៅតែទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ បើទោះបីជាអ្នកនាងបានលាភាពនៅលីវហើយរៀបការយ៉ាងអធិកអធមជាមួយលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាសក៏ដោយ។
ចំណងអាពាហ៍ពិពាហ៍ជាង ៣ ឆ្នាំរបស់កំពូលតារាចម្រៀងស្រីលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា និង ស្វាមី ក៏ទទួលបានតំណក់ឈាមកូនប្រុសដំបូងម្នាក់រួចមកហើយឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលអូនតូចរូបនេះមិនត្រឹមតែមានរូបរាងស្រស់សង្ហាកាត់រកលោកប៉ាប៉ុណ្ណោះទេ ថែមទាំងជាក្មេងឆ្លាតវៃ និង ទទួលបានការស្រឡាញ់យ៉ាងច្រើនពីមហាជន។
ពេលនេះអូនតូច ឆលី មានអាយុជាង ២ ខួបហើយ តែបើងាកទៅអ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា វិញថ្មីៗនេះអ្នកនាងត្រូវបានអ្នកគាំទ្រជាច្រើនសង្ស័យថាប្រហែលជាកំពុងមានដំណឹងល្អ ពោលគឺអ្នកនាងប្រហែលជាកំពុងពពោះកូនទី ២ ក្រោយគេឃើញសកម្មភាពអ្នកនាងទៅមន្ទីរពេទ្យនៅប្រទេសថៃ ជាមន្ទីរពេទ្យតែមួយដែលអ្នកនាងបានទៅផ្ញើពោះ និង សម្រាលអូន ឆលី។
លើសពីនេះទៅទៀត គេក៏ឃើញនៅលើទំព័រផេករបស់អូន ឆលី បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពអ្នកនាង ឱក សុគន្ធកញ្ញា អង្គុយលើរទេះរុញហើយអូន ឆលី ជាអ្នករុញអ្នកម៉ាក់ពីក្រោយ ព្រមទាំងបានសរសេររៀបរាប់ថា ៖ «ពេទ្យថាកុំឱ្យ Mommy ដើរហត់ពេក ទុកកម្លាំងវគ្គ Live Show»។
សកម្មភាពទាំងអស់នេះបានធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនសង្ស័យថា កំពូលតារាស្រីរូបនេះកំពុងពពោះទាយាទទី ២ ហើយ ព្រោះថាកន្លងមកអ្នកនាងមានសុខភាពល្អណាស់បែរជាពេលនេះគ្រូពេទ្យថ្នមខ្លួនទៅវិញ។ តែទោះជាបែបនេះ នោះគ្រាន់តែជាការសង្ស័យរបស់អ្នកគាំទ្រប៉ុណ្ណោះ ការពិតយ៉ាងណានោះមានតែរង់ចាំសាមីខ្លួនប្រកាសផ្ទាល់មាត់ប៉ុណ្ណោះ៕