ផ្ទុះការចាប់អារម្មណ៍លើកូនប្រុស Nicole ធំឡើងកាន់តែសង្ហា និង មានទេពកោសល្យមិនធម្មតា
ថ្មីៗនេះ មហាជនហាក់កំពុងផ្ទុះការចាប់អារម្មណ៍លើសម្រស់របស់កូនប្រុសតារាស្រី Nicole Theriault និងតារាប្រុស Maew Chirasak ជាខ្លាំង ដោយពេលនេះ Tigger បានចម្រើនវ័យធំពេញរូបរាងក្លាយជាកំលោះរូបសង្ហាម្នាក់ហើយ។
មិនត្រឹមតែប៉ុណ្ណោះ Nicole បានបង្ហើបថា៖ «Tigger កូនប្រុសនាង កំពុងតែហ្វឹកហាត់រៀនទាំងសម្តែង និងច្រៀង ដែលមាននាងជាអ្នកបង្រៀនផ្នែកសម្លេងផ្ទាល់ ហើយគេក៏បានសុំការអនុញ្ញាតពេញលេញ ដើម្បីត្រៀមខ្លួនបោះជំហានចូលវិថីសិល្បៈនាពេលឆាប់ៗខាងមុខនេះ»។
បន្ថែមពីនេះ Tigger ផ្ទាល់ក៏បានទម្លាយឱ្យដឹងថា៖ «បច្ចុប្បន្ននេះគឺខ្ញុំបានចូលប្រឡូកហើយ ហើយក៏បានសុំការអនុញ្ញាតពីអ្នកម្តាយរួចហើយផងដែរ។ ពេលនេះគឺមានការត្រៀមក្នុងការថតសម្តែងរឿង និងច្រៀង ព្រោះតែមានប៉ាម៉ាក់ ជាតារាចម្រៀង និងតន្ត្រីករស្រាប់ ហើយគាត់ក៏បានបើកឱកាសឱ្យខ្ញុំពេញទីក្នុងការធ្វើរឿងនេះ។ ប៉ុន្តែខ្ញុំក៏នៅតែជួបឧបសគ្គច្រើនជាពិសេសគឺរឿងនិយាយភាសា ដោយខ្ញុំនិយាយមិនសូវច្បាស់ តែខ្ញុំនឹងព្យាយាមហ្វឹកហាត់ ហើយទន្ទេញប៉ារ៉ូលឱ្យបានល្អតាមការចង់បានរបស់អ្នកដឹកនាំ។ ម៉ាក់ Nicole ធ្លាប់ប្រាប់ថា ឱ្យខ្ញុំធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ កុំបង្ខំខ្លួនឯង ហើយគាត់នឹងធ្វើជាអ្នកផ្តល់កម្លាំងចិត្ត ជាម្តាយ និងគ្រូម្នាក់របស់ខ្ញុំផងដែរ។ សង្ឃឹមថាពេលដែលស្នាដៃខ្ញុំចេញមក នឹងមានការគាំទ្រ ហើយក៏ពេញចិត្តពីសំណាក់ពុកម៉ែបងប្អូន»៕