ឈុន រក្សា ប្រាប់អារម្មណ៍ពេលទើបសម្រាលថ្មីៗ ឈឺប៉ុនណាក៏បាត់ដូចគេបេះ ពេលឮសំឡេងកូនយំ
កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ បវរកញ្ញាជ័យលាភីរងទី ១ នៃកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2020 ឈុន រក្សា បានសម្រាលកូនប្រុសដំបូងដោយជោគជ័យ និង ប្រកបដោយសុខភាពល្អទាំងម្ដាយទាំងកូន ដោយអ្នកម៉ាក់ថ្មីថ្មោងរូបនេះបានដាក់ឈ្មោះឱ្យកូនប្រុសបណ្ដូលចិត្តថា រក្សាស័ក្ក។
ក្រោយក្លាយជាម្ដាយគេយ៉ាងពេញលេញរយៈពេលជិតកន្លះខែមកនេះ ឈុន រក្សា បានបំពេញតួនាទីជាអ្នកម៉ាក់វ័យក្មេងយ៉ាងល្អ ដោយការមើលថែយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅឱ្យកូនប្រុសសឹងមិនឱ្យឃ្លាតមួយជំហានឡើយ ព្រោះថាអូនតូច រក្សាស័ក្ក នេះ គឺជាតំណក់ឈាមដំបូងរវាងនាង និង គូស្នេហ៍។
ដោយឡែកស្រាប់តែនៅសុខៗ អ្នកម៉ាក់សម័យថ្មី ឈុន រក្សា បានបង្ហាញអារម្មណ៍រំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ក្រោយបានឮសំឡេងកូនយំដំបូងៗ ធ្វើឱ្យនាងភ្លេចអស់នូវការឈឺចាប់ទាំងប៉ុន្មាន។ ឈុន រក្សា បានចែករំលែកវីដេអូស្រ្តីកំពុងសម្រាលកូន ហើយក្នុងនោះនាងក៏បង្ហើបថា ៖ «យល់អារម្មណ៍ហ្នឹងហើយ ឈឺគ្មានអ្វីស្មើទេ តែគ្រាន់ឮសំឡេងកូនយំភ្លាមបាត់ឈឺអស់ហើយ ដល់ថ្នាក់ពេទ្យដេរមិនដឹងហើយផងRespect every women in this world»៕