ក្រោយជួបគ្រោះថ្នាក់ Jimmy Lin ត្រូវចាយពេលយ៉ាងតិច ២ ឆ្នាំ ដើម្បីកែមុខដូចដើមវិញ
ដូចដែលធ្លាប់បានចុះផ្សាយ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ តារាសម្ដែងប្រុសតៃវ៉ាន់ Jimmy Lin បានជួបគ្រោះថ្នាក់ចរាចរណ៍បុកបង្គោលភ្លើងស្ពាន ខណៈរួមដំណើរ ២ នាក់កូនប្រុសពៅរបស់លោក បណ្តាលឱ្យលោករងរបួសធ្ងន់ ប៉ះទង្គិចខួរក្បាល បាក់ឆ្អឹង និង រងរបួសបាក់ឆ្អឹងមុខ ត្រូវទទួលការវះកាត់ រីឯកូនប្រុសរបស់លោកគឺរងរបួសស្រាល។ បច្ចុប្បន្នស្ថានភាពសុខភាពរបស់តារាសម្ដែងរូបនេះ ត្រូវបានមហាជនយកចិត្តទុកដាក់តាមដានជាខ្លាំង ជាពិសេសសារព័ត៌មានចិន។
យោងតាមប្រភពពី 163 បានចុះផ្សាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ វេជ្ជបណ្ឌិតមន្ទីរពេទ្យដែលតារាសម្ដែងរូបនេះ កំពុងសម្រាកព្យាបាល បាននិយាយថា Jimmy Lin ត្រូវបានវះកាត់ព្យាបាលរបួសឆ្អឹង និង សន្លាក់ ហើយផ្នែកខួរក្បាល ដើម្បីអាយុជីវិតរបស់លោក។ បន្ទាប់ពីសុខភាពរបស់លោកមានភាពប្រសើរឡើងវិញ ខាងមន្ទីរពេទ្យនឹងធ្វើការវះកាត់ទម្រង់មុខរបស់លោកឱ្យមកដូចដើម។
ក្នុងនោះ នាយកមន្ទីរពេទ្យដែលជាវេជ្ជបណ្ឌិតនាំមុខគេក្នុងវិស័យកែសម្ផស្ស បាននិយាយថា ការវះកាត់ឆ្អឹងលើកដំបូងរបស់ Jimmy Lin អាចនឹងធ្វើឡើងក្នុងរយៈពេលមុខរបួសប្រហែល ២ ទៅ ៣ ខែ។ សម្រាប់ដំណើរការ មុន និង ក្រោយការវះកាត់របស់លោក អាចចំណាយពេល ១ ទៅ ២ ឆ្នាំយ៉ាងតិច អាស្រ័យលើទំហំនៃមុខរបួស ដើម្បីស្តារមុខរបស់លោកមកដូចដើមវិញ៕