អីយ៉ាស់! តារាកំប្លែង Mum Jokmok ត្រៀមខ្លួនកែសម្ផស្សលើកដំបូង ក្នុងវ័យ ៥៧ ឆ្នាំ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយ នូវកំពូលតារាកំប្លែង Mum Jokmok ដែលបានសាងភាពសប្បាយរីករាយ សំណើចក្អាកក្អាយទៅដល់មហាជនអ្នកគាំទ្រ ដោយសារថ្វីមាត់ និង ភាពកំប្លុកកំប្លែងមិនចេះរីងស្ងួតរបស់លោក តាមរយៈខ្សែភាពយន្ត និង កម្មវិធីទូរទស្សន៍ជាច្រើនកន្លងមកនោះ។
យ៉ាងណាមិញ ថ្មីៗនេះ Mum Jokmok បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចឡើយ ក្រោយមានគ្លីនិកកែសម្ផស្សល្បីមួយ បានឱ្យដឹងថា តារារូបនេះកំពុងតែត្រៀមខ្លួនកែកុនមុខមាត់នៅកន្លែងរបស់ខ្លួន។
បើតាមព័ត៌មានបានឱ្យដឹងថា Mum Jokmok បានសម្រេចចិត្តជាងមួយឆ្នាំឯណោះ ក្នុងការចិត្តកែសម្ផស្សលើកដំបូងរបស់ខ្លួន នាវ័យ ៥៧ ឆ្នាំ ដែលលើកនេះគឺលោកកែកុនត្របកភ្នែកធ្លាក់។ បើតាមឃ្លីបវីដេអូ ដែលត្រូវគេបង្ហោះនៅតាមបណ្តាញ TikTok គេឃើញថា Mum Jokmok កំពុងតែត្រូវគ្រូពេទ្យពិនិត្យ ដោយយកម្ជុលចាក់មុខ ហើយមើលទៅលោកក៏ហាក់ភ័យរអាមិនតិចតិចដែរ ប៉ុន្តែនៅតែអង្គុយឱ្យពេទ្យធ្វើការរហូតដល់ចប់។
លើសពីនេះទៅទៀត លោកថែមទាំងឆ្លៀតបង្ហើរសម្តីកំប្លុកកំប្លែងរបស់ខ្លួន ធ្វើឱ្យអ្នកគ្រូពេទ្យទាំងឡាយផ្ទុះសំណើចក្អាកក្អាយពេញបន្ទប់ទៀតផង។ យ៉ាងណាមិញ គេមិនទាន់ឃើញលទ្ធផលនៃការកែសម្ផស្សរបស់លោកលើកនេះនៅឡើយទេ ចំណែកមហាជនអ្នកគាំទ្រក៏នាំគ្នាផ្តល់កម្លាំងចិត្តឱ្យលោកផងដែរ៕