ហេង ចន្ថា ជោគជ័យលើការងារ តែស្ងាត់រឿងរៀបការឈឹង ក្រោយភ្ជាប់ពាក្យជាង ២ ឆ្នាំ
គិតមកដល់ឆ្នាំ ២០២២ នេះ Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ឈ្មោះ ប៉ាច រ៉ូណា អស់រយៈពេលជាង ២ ឆ្នាំមកហើយ ពោលគឺអ្នកទាំងពីរបានប្រារព្ធពិធីភ្ជាប់ពាក្យសមល្មមមួយត្រឹមការជួបជុំញាតិមិត្តចាស់ទុំ និង អ្នកសិល្បៈប៉ុន្មានរូបចូលរួមកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ។
ដ្បិតថា ហេង ចន្ថា បានប្រារព្ធពិធីភ្ជាប់ពាក្យតាមប្រពៃណីក្ដី ប៉ុន្ដែតារាស្រីរូបនេះកម្របង្ហាញមុខគូដណ្ដឹងឱ្យអ្នកគាំទ្របានស្គាល់ខ្លាំងណាស់ សូម្បីតែរូបថតក្នុងថ្ងៃភ្ជាប់ពាក្យរបស់អ្នកទាំងពីរ ទើបតែមួយរយៈមុន ហេង ចន្ថា បានបង្ហោះរូបថតផ្អែមល្ហែមទំនងជារូបថត Pre-Wedding របស់ពួកគេនៅលើបណ្ដាញសង្គម ដែលធ្វើឱ្យអ្នកគាំទ្រយល់ថានឹងមានដំណឹងល្អឆាប់ៗមិនខាន។
យ៉ាងណាមិញមកដល់ពេលនេះអ្នកគាំទ្រនៅតែស្ងប់ស្ងាត់មិនទាន់ឮដំណឹងរៀបការរបស់ ហេង ចន្ថា ទៀត តែផ្ទុយទៅវិញស្រីស្រស់រូបនេះបែរបង្ហោះសារបង្គាប់អត្ថន័យប្លែកៗប្រៀបដូចជាមនុស្សកំពុងខកស្នេហ៍។
ហេង ចន្ថា បានសរសេររៀបរាប់នៅលើគណនីអ៊ីនស្ត្រាក្រាមថា ៖ «ឱ្យណែនប៉ុនណាក៏គង់តែលែង សុបិនល្អយ៉ាងណាក៏គង់តែភ្ញាក់ ស្រឡាញ់ខ្លាំងយ៉ាងណាក៏តែបែក របស់ណាដែលមិនមែនជារបស់យើង ខំប្រឹងថែយ៉ាងណាក៏គង់តែបាត់ ទោះទង្វើ ការលះបង់របស់យើងច្រើនប៉ុនណាក៏ដោយ បើគេមើលមិនឃើញ ទោះប្រឹងយ៉ាងណាក៏គេនៅតែមើលមិនឃើញដែរ ចឹងបណ្តោយឱ្យគេទៅរកអ្នកដែលគេគិតថាល្អទៅ»៕