កូន ២ ហើយ តែ Poh មិនភ្លេចពោលពាក្យយ៉ាងផ្អែមបែបនេះទៅកាន់ភរិយា
Poh Natthawut តារាប្រុសវ័យ ៤៧ ឆ្នាំ ដែលមានបទពិសោធន៍លើវិថីសិល្បៈថៃមកជាង ២២ ឆ្នាំ ហើយមានស្នាដៃរឿងល្បីៗជាច្រើនរាប់មិនអស់។
ក្រោយដឹកដៃតារាសម្តែងស្រី Aey Pornthip ចូលរោងការនៅឆ្នាំ ២០១២ រួចមកគេសង្កេតឃើញថា តារាប្រុសរូបនេះហាក់ស្រឡាញ់ថ្នាក់ថ្នមភរិយាជាខ្លាំង ដោយបណ្តើរគ្នាទៅណាមកណាត្រសង ហើយហួងហែងគ្រប់ពេលដែលឃើញភរិយាស្លៀកពាក់បញ្ចេញសាច់។
គិតមកទល់ពេលនេះចំណងអាពាហ៍ពិពាហ៍ ១០ ឆ្នាំ របស់គូស្វាមីភរិយាតារាប្រុសស្រីគូនេះ មានចំណងដៃជីវិតកូនប្រុស ២ នាក់ហើយ។
បើទោះបីជាមានកូន ២ ហើយក្តី តែ Poh នៅតែពោលពាក្យយ៉ាងផ្អែមដាក់ភរិយាបែបនេះ៖ «រយៈពេលដែលយើងទាក់ទងគ្នាគឺ ១៨ ឆ្នាំមកហើយ មុនរៀបការ ៨ ឆ្នាំ ហើយការរួច ១០ ឆ្នាំ មានកូនដល់ទៅ ២ ប៉ុន្តែក្នុងចិត្តខ្ញុំ ខ្ញុំស្រឡាញ់នារីម្នាក់នេះខ្លាំងណាស់»។
«ព្រោះគាត់ជាមនុស្សម្នាក់ដែលជ្រើសរើសដើរផ្លូវជីវិតរួមគ្នាជាមួយខ្ញុំ ទាំងដែលខ្ញុំមិនមែនជាអ្នកមានហ៊ឺហា សូម្បីតែញ៉ាំអាហារគឺក្នុងកម្រិតមធ្យមធម្មតា ខ្ញុំមិនចូលចិត្តញ៉ាំរបស់ថ្លៃ ពេលខ្លះថ្លៃហើយមិនឆ្ងាញ់ទៀត។ ខ្ញុំចូលចិត្តញ៉ាំសាច់ជ្រូកចិញ្ច្រាំរហូតដល់ថ្នាក់យកមកដាក់ឈ្មោះកូន។ ខ្ញុំចូលចិត្តដើរលេងកន្លែងដដែលៗ ដោយមិនចូលចិត្តផ្លាស់ប្តូរ បើគ្មានគាត់ជីវិតខ្ញុំឯកាណាស់ ចូលចិត្តធ្វើអ្វីដដែលៗម្តងហើយម្តងទៀត»។
«អរគុណគាត់ខ្លាំងណាស់ដែលជ្រើសរើសខ្ញុំ ហើយរកអ្វីល្អៗមកឱ្យខ្ញុំ គ្រប់យ៉ាងនៃជីវិតខ្ញុំគឺមានគាត់ដែលជាអ្នកនាំផ្លូវ ហើយគ្រប់យ៉ាងដែលគាត់ជ្រើសឱ្យគឺល្អឥតខ្ចោះសម្រាប់ខ្ញុំ ហើយនេះគឺជាជីវិតដែលមានសេចក្តីសុខរបស់ខ្ញុំ គឺពេលដែលមានគាត់»៕