កំពុងជួបព្យុះភ្លៀង ព្រំ រដ្ឋា ទទួលបានការលើកទឹកចិត្តក្នុងការផលិតខ្សែភាពយន្តបន្តយ៉ាងរឹងមាំ
ថ្មីៗនេះដែរ មហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានជ្រាបមកហើយនូវរឿងរ៉ាវរវាងតារាសម្តែងរាងតូចច្រឡឹង កញ្ញា ជេស៊ីកា និង អតីតតារាសម្តែង ជាចាងហ្វាងផលិតកម្ម PR អ្នកនាង ព្រំ រដ្ឋា ពាក់ព័ន្ធនឹងលុយកាក់នោះ។ ក្នុងនោះ កញ្ញា ជេស៊ីកា បានឱ្យដឹងថា អ្នកនាង ព្រំ រដ្ឋា បានខ្ចីបំណុលខ្ទង់ពាន់ដុល្លារ តែមិនទាន់បានសងនៅឡើយនោះទេ។
ដោយឡែកក្រឡេកទៅមើលអ្នកនាង ព្រំ រដ្ឋា ឯនោះវិញ ក៏មិនបានប្រកែកតតាំងអ្វីនោះឡើយ ពោលគឺអ្នកនាងក៏បានចេញមុខមកបញ្ជាក់ថាខ្លួនពិតជាបានខ្ចីបំណុលកញ្ញា ជេស៊ីកា ពិតមែន ប៉ុន្តែមូលហេតុអ្នកនាងមិនទាន់បានសងក៏ព្រោះតែបញ្ហាមួយចំនួន។ ពាក់ព័ន្ធរឿងបំណុលកំពុងផ្ទុះឡើង អ្នកនាង ព្រំ រដ្ឋា ក៏ត្រូវបានមហាជនជាច្រើនបានលើកទឹកចិត្តដល់នាង ស្របពេលមហាជនខ្លះក៏បានស្តីបន្ទោសដល់រូបនាងផងនោះ។
យ៉ាងណាមិញ ស្របពេលដែលកំពុងតែជួបព្យុះភ្លៀងនេះដែរ អ្នកនាង ព្រំ រដ្ឋា ក៏បានបង្ហោះសារអរគុណដល់អ្នកលើកទឹកចិត្តដល់រូបនាង ជាពិសេសនោះ គឺអ្នកគ្រប់គ្រងទូទៅស្ថានីយទូរស្សន៍ PNN កញ្ញា ធីតា ដែលបានលើកទឹកចិត្តដល់រូបនាងក្នុងការផលិតខ្សែភាពយន្តបន្តទៀតផងដែរ។ សារអរគុណនោះ អ្នកនាង ព្រំ រដ្ឋា បានរៀបរាប់ថា៖ «ខ្ញុំពិតជារំភើប ! នៅពេលដែលទទួលបានការលើការទឹកចិត្តពីប្អូន និង ជឿជាក់ផ្តល់ឱកាសឱ្យបងក្រោកឡើងជាថ្មី ពង្រឹងសមត្ថភាពផលិតរឿងជូន PNN TV ទឹកចិត្តដ៏កម្រ និង ការយោគយល់នេះ ធ្វើឱ្យមនុស្សស្រីម្នាក់នេះកាន់តែរឹងមាំ បន្តដំណើរទៅមុខដោយមិនចុះចាញ់។ អរគុណគ្រប់យ៉ាងប្អូនស្រី ក្នុងកំឡុងពេលខ្ញុំជួបបញ្ហាក្នុងសម័យកូវីដ គឺមានប្អូនលើកទឹកចិត្តគ្រប់ពេលវេលា។ Today I’m sad but tomorrow this lady will be strong, love you so much my good boss and good sister»៕