ស្មានមិនដល់ថា អតីតប្តី សាន់ ឆាយ យំគគ្រូកលើ livestream ព្រោះមូលហេតុនេះ
កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ លោក Wang Xiaofei អតីតស្វាមីតារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu បានបញ្ចេញអារម្មណ៍សោកសៅនៅលើ livestream ព្រោះតែចិត្តនឹករលឹកដល់កូនៗទាំងពីររបស់លោកខ្លាំង។
ក្នុងនោះ លោក Wang Xiaofei បាននិយាយថា៖ «ចិត្តខ្ញុំពិតជាឈឺចាប់ណាស់ ជិតមួយឆ្នាំហើយខ្ញុំមិនដែលបាននៅជិតកូន និងលេងជាមួយកូនទាំងពីររបស់ខ្ញុំទេ។ ខ្ញុំ និង ម្ដាយរបស់ខ្ញុំ ពិតជានឹកកូនៗខ្លាំងណាស់»។
អំឡុងពេលជជែកឆ្លើយតបការបញ្ចេញមតិជាមួយនឹងអ្នកទស្សនា លោក Wang Xiaofei បានស្តីបន្ទោសដល់អតីតភរិយា សាន់ ឆាយ ដែលរារាំងលោកមិនឱ្យជួបកូន និងមើលថែពួកគេ។ អ្នកជំនួញទ្រព្យស្តុករូបនេះ បាននិយាយថាលោកបានចរចាម្ដងហើយម្ដងទៀតជាមួយនឹងអតីតភរិយារបស់លោកអំពីការនាំកូនទាំងពីរមកលេងទីក្រុងប៉េកាំងនៅរដូវក្តៅ ប៉ុន្តែអតីតភរិយារបស់លោក មិនអនុញ្ញាតឱ្យមកបានទេ។
ជាមួយគ្នានោះ លោក Wang Xiaofei ក៏បាននិយាយទៀតថា៖ «ខ្ញុំបាននិយាយគ្នាយូរមកហើយតែមិនបានផលវិញសោះ ខ្ញុំគ្មានសិទ្ធិក្នុងការបញ្ចុះបញ្ចូលអ្នករាល់គ្នានៅទីនោះ ដើម្បីយល់ព្រម ឱ្យកូនមកលេងខ្ញុំនោះទេ»។
ទោះជាយ៉ាងណា បើតាមប្រភពរាយការណ៍ពី ETtoday ក៏បានបញ្ជាក់មូលហេតុដែល សាន់ ឆាយ មិនព្រមឱ្យកូនទៅលេងលោក Wang Xiaofei ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបតារាស្រីរូបនេះ មានការព្រួយបារម្ភពីសុខភាពកូន ខ្លាចមានការឆ្លងពេលដែលកូនៗធ្វើដំណើរពីតៃវ៉ាន់ទៅកាន់ប្រទេសចិន៕