បែកស្នេហ៍ជាងកន្លះឆ្នាំ សុខៗ ពេជ្រ សោភា បង្ហាញចិត្តនឹករឮកដល់សង្សារចាស់
បើនិយាយពីចំណងស្នេហ៍ ៥ ឆ្នាំរបស់ តារាចម្រៀងស្រី ពេជ្រ សោភា និងតារាសម្ដែងប្រុស ឆឹម សក្កដា គិតមកដល់ពេលនេះ បានចែកផ្លូវគ្នាជាងកន្លះឆ្នាំទៅហើយ។ ដ្បិតតែ ចំណងស្នេហ៍ច្រើនឆ្នាំរបស់ តារាប្រុសស្រីមួយគូនេះ បានដើរផ្លូវបំបែកមែន ក៏នៅតែធ្វើអ្នកគាំទ្រជាច្រើនបង្ហាញការចងចាំចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកន្លងទៅ ជាពិសេសបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនក្នុងរយៈពេលច្រើនឆ្នាំមកនេះចំពោះអ្នកទាំងពីរផងដែរ។
ដោយឡែក ក្រោយពីបានចែកផ្លូវគ្នាច្រើនខែមកនេះ ស្រាប់តែថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ខណៈបានឃើញនាងបង្ហោះរូបភាពអនុស្សាវរីយ៍ភ្ជាប់ជាមួយសារហាក់ចង់បង្ហាញចិត្តកំពុងនឹករឮកដល់អតីតគូស្នេហ៍ ដែលបានរៀបរាប់រឮកដល់រឿងចាស់កន្លងទៅជាមួយអតីតគូស្នេហ៍។
ក្នុងនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «នៅសុខៗក៏នឹកដល់រឿងកន្លង ខ្ញុំពូកែរករឿង ពូកែគិតគេមានអ្នកនេះមានអ្នកនោះ ទាំងដែលគេមិនធ្លាប់គិតថាមិនអាចស្រលាញ់អ្នកណាក្រៅពីខ្ញុំ ចុងក្រោយសង្សារចាស់»។
ក្រោយឃើញបែបនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានចូលបញ្ចេញមតិគ្រប់គ្នា ដោយភាគច្រើនពួកគេបានលើកឡើងបង្ហាញការសោកស្ដាយចំពោះចំណងស្នេហ៍របស់អ្នកនាង ព្រមទាំងចង់ឱ្យអ្នកនាង និងអតីតគូស្នេហ៍វិលត្រូវគ្នាដូចដើមវិញផងដែរ៕