Gatick ចេញមុខតបផាំងៗមិនសំចៃ ក្រោយផ្ទុះរឿងដើររាំសប្បាយ បន្ទាប់ពីស្ងាត់រឿងក្តី Tangmo
មកទល់ពេលនេះ គឺមានរយៈពេលជាង ៥ ខែទៅហើយ ដែលតារាស្រី Tangmo បានបាត់បង់ជីវិត ដោយការធ្លាក់ពីលើទូកយ៉ាងមិនគួរឱ្យជឿ ដោយមានជនសង្ស័យ ៥ នាក់នៅលើទូកនោះ រួមទាំង Gatick ដែលជាមិត្តភក្តិ និង អ្នកគ្រប់គ្រងរបស់ Tangmo ផ្ទាល់ ត្រូវបានមហាជនចោមរោមរិះគន់ខ្លាំងជាងគេ។
ជាពិសេសថ្មីៗនេះ មានការលេចបែកធ្លាយវីដេអូ Gatick ដើរកម្សាន្តរាំលេងសប្បាយយ៉ាងហ៊ឺហា ដោយហាក់គ្មានព្រួយខ្វល់អ្វី ដែលជាហេតុធ្វើឱ្យការរិះគន់កើតមានឡើងជាថ្មី។
យ៉ាងណាមិញជុំវិញបញ្ហានេះ Gatick ក៏បានចេញមុខតបវិញថា៖ «រឿងដែលអ្នករាល់គ្នាថាឱ្យខ្ញុំកាត់ចិត្តលឿន គិតតែសប្បាយនោះគឺសុំឈប់ទៅ ព្រោះរាល់ថ្ងៃនេះខ្ញុំក៏នៅតែខូចចិត្តខ្លាំង ហើយ Tangmo គឺនៅដក់ជាប់ក្នុងការចងចាំរបស់ខ្ញុំរហូត តែជីវិតមនុស្សយើងគឺត្រូវដើរទៅមុខទៀត ព្រោះនាងខ្ញុំគឺជាអ្នកម្តាយមួយរូបដែលត្រូវមើលថែកូន ហើយក៏ត្រូវធ្វើការ ក៏មានពេលត្រូវសប្បាយខ្លះដែរ»៕