លើកទី១ Aom បណ្តើរសង្សារសេដ្ឋី ទៅលេងសឹង្ហបុរីជុំគ្រួសារ ព្រមទាំងទម្លាយគម្រោងរៀបការបែបនេះហើយ!
មើលទៅជីវិតឯកជនរបស់តារាស្រី Aom Sushar ជាពិសេសគឺរឿងស្នេហា ហាក់រលូនទៅមុខគួរឱ្យសរសើរណាស់ ព្រោះក្នុងរយៈពេលទាក់ទងគ្នា ៣ ឆ្នាំមកនេះ មើលទៅអ្នកទាំងពីរហាក់ស្ងប់ស្ងាត់ ប្រើជីវិតសាមញ្ញៗពិតមែន តែពួកគេក៏កាន់តែពង្រឹងក្តីស្រឡាញ់របស់ខ្លួនឱ្យឈានទៅរកភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃតែម្តង។
យ៉ាងណាមិញ ជាក់ស្តែង ខាងស្រីស្រស់ Aom Sushar ក៏នាំសង្សាហាសូរសំណព្វចិត្តទៅដើរលេងផ្អែមល្ហែមនៅប្រទេសសឹង្ហបុរី រួមជាមួយនឹងវត្តមានគ្រួសាររបស់នាងទាំងអស់ទៀតផង។ សកម្មភាពនេះ ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រ អត់មិនសរសើរមិនបានឡើយ ព្រមទាំងធ្វើឱ្យមហាជនផ្ទុះនាំគ្នាសង្ស័យថា តារាសំណព្វ Aom និង សង្សារ អាចនឹងមានដំណឹងល្អឆាប់ៗនេះ ព្រោះមើលទៅពួកគេចុះសម្រុងគ្នាណាស់។
ដោយឡែក ស្រីស្រស់ Aom ក៏បានទម្លាយអារម្មណ៍របស់ខ្លួនទាក់ទងនឹងដំណើរកម្សាន្តនេះ នៅក្នុងការសម្ភាសមួយផងដែរ ដោយនាងបានលើកឡើងថា ក្នុងដំណើរកម្សាន្តលើកនេះ គឺពិតជាសប្បាយណាស់ បើទោះជាអាកាសធាតុក្តៅបន្តិចមែន តែអាហារនៅទីនោះពិតជាឆ្ងាញ់។ ម្យ៉ាងទៀត នាងមិនសូវបានដើរលេងជាមួយគ្រួសារ នៅក្រៅប្រទេសឡើយនាពេលកន្លងមក ពោលគឺទើបតែលើកនេះ ជាលើកទី១ តែម្តង ហើយវាពិតជាកក់ក្តៅណាស់។ នាងបន្តទៀតថា ខាងគ្រួសារនាង ក៏ស្រឡាញ់ Em ខ្លាំងណាស់ដែរ ព្រោះរូបលោកគឺជាមនុស្សឆាប់ចូលគេចុះ ព្រមទាំងជាមនុស្សពូកែនិយាយទៀតផង។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបន្ថែមទៀតថា ឪពុកម្តាយរបស់នាង ក៏ចេះតែជជីកសួរររឿងរៀបការហូត តែនាងក៏បានប្រាប់ទៅហើយថា មិនទាន់នោះទេ សុំធ្វើការបន្តិចទៀតសិន។ ដោយឡែក នាងក៏បាននិយាយរឿងនេះជាមួយនឹង Em ខ្លះៗហើយដែរ តែមិនទាន់គិតជ្រៅនោះទេ ដោយហេតុថា តាមពិតទៅនាងជាមនុស្សស្រឡាញ់ការងារណាស់៕