ទោះស្រឡាញ់ហួងហែងប្តីប៉ុនណា តែ Nune មិនហ៊ានហាមប្តីក្នុងរឿងមួយនេះសោះ
ជីវិតក្រៅឆាករបស់តារាសម្តែងស្រី Nune Woranuch ពិតជារលូនទៅមុខមិនចាញ់ការងារសិល្បៈនោះទេ ដោយជាពិសេសមកទល់ពេលនេះ គឺមានរយៈពេលជាង ១១ ឆ្នាំទៅហើយ ដែលនាងបានសម្រេចចិត្តសាងគ្រួសារកក់ក្តៅជាមួយនឹងស្វាមី លោក Tod ដែលជាមហាសេដ្ឋីវាល់លានប្រចាំប្រទេសថៃ ព្រមទាំងមើលថែថ្នាក់ថុ្នមនាងគ្រប់បែបយ៉ាងមិនឱ្យទាស់ចិត្តឡើយ។
យ៉ាងណាមិញ បើទោះជានៅមិនទាន់មានបុត្របំពេញគ្រួសារយ៉ាងណាក្តី តែ Nune និងស្វាមី ក៏នៅតែផ្អែមល្ហែមជាមួយគ្នាមិនដាច់ឡើយ បណ្តើរគ្នាទៅណាមកណាស្និទ្ធស្នាលកៀកកើយរហូត ហើយតែងតែរំឮកពីគ្នាទៀតផង។
ជាក់ស្តែង កាលពីថ្មីៗនេះ Nune បាននិយាយរំឮកដល់ស្វាមីទាក់ទងនឹងរឿងចំណង់ចំណូលចិត្តរបស់លោកទៀតហើយ នៅក្នុងការសម្ភាសនាកម្មវីធីមួយ។ ក្នុងនោះ នាងបានឱ្យដឹងថា មុននេះ នាងមានឱកាសបានទៅប្រទេសអ៊ីតាលី ដើម្បីទៅមើល និងផ្តល់កម្លាំងចិត្តដល់ការប្រកួតប្រណាំងឡានរបស់ស្វាមី នៅដល់ប្រទេសអ៊ីតាលីឯណោះ តែបានទៅត្រឹម ២៣ ថ្ងៃ ព្រោះត្រូវប្រញាប់មកវិញ ដោយសារតែនៅសល់ការងារដែលមិនទាន់ធ្វើ ច្រើនគួរសម។
ចំណែក Tod វិញ គឺទើបតែបានឆ្លងកាត់ការវះកាត់ស្មា ហើយគ្រាន់តែដោះបង់រុំចេញភ្លាម ក៏ប្រញាប់ទៅចូលរួមការប្រណាំងភ្លែត ទាំងដែលពេទ្យប្រាប់ថាខែសីហាឯណោះ ទើបដោះបាន។ Tod បានព្យាយាមក្នុងការប្រកួតនេះណាស់ ទាំងដែលខ្លួនកំពុងឈឺ ព្រោះតែនេះគឺជាឱកាសល្អ រូបគាត់មិនចង់ឱ្យរបូតទៅនោះទេ។
Nune បន្តទៀតថា Tod មិនបានប្រាប់ទេ ថាគាត់នឹងឈប់ប្រកួតឡាននេះនៅពេលណា ព្រោះតែវាជាក្តីសុបិន្តរបស់គាត់តាំងពីយូរមកហើយ ហើយនាងក៏បារម្ភពីសុវត្ថិភាពរបស់លោកដែរ ប៉ុន្តែគ្រប់ពេលប្រណាំង នាងអាចត្រឹមសុំឱ្យស្វាមីជាទីស្រឡាញ់មានក្តីសុខ សុវត្ថិភាពប៉ុណ្ណោះ មិនបានឃាត់ឃាំងអ្វីនោះទេ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយឯណេះវិញ ពេលឮបែបនេះហើយ ពិតជាសរសើរទឹកចិត្តរបស់ Nune ដែលជាភរិយាណាស់ ដែលចេះយល់ចិត្តស្វាមីដល់ថ្នាក់នេះ៕