Alee ក្ដៅចិត្តតបវិញផាំង ក្រោយផ្ទុះរឿងថា Toomtam ជាកំពូលព្រាននារី
ដំណឹងស្នេហារបស់តារាសម្តែងប្រុស Toomtam Yuttana និងតារាស្រី Alee Auttharinya ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសក្រោយពេល ដែលតារាប្រុសរូបនោះ បានលុតជង្គង់សុំគូស្នេហ៍រៀបការ កាលពីដើមឆ្នាំ ២០២២ បន្ទាប់ពីអ្នកទាំងពីរ បានទាក់ទងគ្នាបានជាងកន្លះឆ្នាំ។
ស្របពេលដែលផ្ទុះការសរសើរ និងអបអរសាទរ ថ្មីៗនេះស្រាប់តែផ្ទុះរឿងអាស្រូវពេញត្រចៀករបស់ Alee ថា៖ «នាងកំពុងសេពគប់ ជាមួយគូស្នេហ៍ដែលជាកំពូលព្រាននារីប្រចាំសិល្បៈថៃ»។
យ៉ាងណាមិញ ពេលនេះ Alee បានចេញមុខតបថា៖ «មកដល់ពេលនេះ ពួកយើងទាក់ទងគ្នាបានជាង ១ ឆ្នាំហើយ។ ចាប់តាំងពីយើងចាប់ផ្តើមណាត់ជួបគ្នា ហើយផ្តើមស្នេហាជាមួយគ្នា ខ្ញុំមានអារម្មណ៍ថា គាត់ជាមនុស្សដែលមានទិសដៅជីវិតដូចគ្នានឹងខ្ញុំ។ ហើយខ្ញុំ មានក្តីសុខខ្លាំង ពេលនៅក្បែរគាត់។ ហើយនេះ គឺជាអារម្មណ៍ដែលខ្ញុំដឹងច្បាស់ចេញពីចិត្តខ្លួនឯង»។
«ខ្ញុំចាំបានថា ម្តាយខ្ញុំធ្លាប់និយាយថា ពេលដែលយើងទាក់ទងនរណាម្នាក់ យើងត្រូវសួរខ្លួនឯងម្តងហើយម្តងទៀតថា តើយើងរស់នៅជាខ្លួនឯងឬទេ? យើងមានអារម្មណ៍ថា មានសេរីភាពឬទេ? ឬក៏វាពោរពេញដោយសម្ពាធ? ហើយពេលដែលខ្ញុំនៅជាមួយគាត់ ខ្ញុំមានអារម្មណ៍ថា គាត់សំខាន់បំផុត។ ខ្ញុំអាចដឹង និងទទួលបានក្តីស្រឡាញ់ ដែលគាត់ផ្តល់ឱ្យខ្ញុំ យកចិត្តទុកដាក់ចំពោះខ្ញុំ។ ខ្ញុំក៏មើលថែគាត់ដូចគ្នា ហើយប្រសិនបើមានចំណុចណាមួយយើងមិនពេញចិត្តចំពោះគ្នា គឺយើងនិយាយតទល់មុខគ្នា ហើយប្រាប់គ្នាទៅវិញទៅមក។ ចំពោះរឿងចចាមអារ៉ាមអ្វីនោះ គឺខ្ញុំមិនចាប់អារម្មណ៍ទេ ព្រោះនោះជាមាត់មនុស្ស មិនអាចឃាត់បានទេ»៕