Takkatan យំសស្រាក់ លុតជង្គង់សំពះ A Supachai ព្រោះតែរឿងរំជួលចិត្តនេះ
ពិតជារឿងមួយធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលតារាស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ នាង Takkatan Chonlada គ្មានសិទ្ធិក្នុងការច្រៀងបទចម្រៀងរបស់ខ្លួន បន្ទាប់ពីចាកចេញពីផលិតកម្ម GMM Grammy ដោយនាងអាចមានសិទ្ធិច្រៀងបានត្រឹមតែបទ ដែលផលិតខ្លួនឯងតែប៉ុណ្ណោះ ព្រោះបទដែលក្រុមហ៊ុនផលិត បានជាប់កម្មសិទ្ធិបញ្ញា។
វីដេអូមួយ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបង្ហោះចែកគ្នា ដោយកើតក្ដីអាណិតទៅកាន់តារាស្រី Takkatan ជាខ្លាំង ខណៈដែលនាងឡើងឆាកតន្ត្រីហើយមហាជនសំណូមពរបទចាស់ៗ ដែលនាងធ្លាប់ច្រៀងតែនាងបែរជាអាចច្រៀងជូនមហាជនបានត្រឹមតែ ៧ ពាក្យប៉ុណ្ណោះ តែអ្នកគាំទ្រក៏មិនបានយល់ដែរថា នាងមិនអាចច្រៀងបទចម្រៀងរបស់ខ្លួនបាន មកពីមូលហេតុអ្វីឱ្យប្រាកដនោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Takkatan រំភើបចិត្តជាខ្លាំង បន្ទាប់ពីអ្នកចាត់ការតារាល្បីលោក A-Supachai បានទិញកម្មសិទ្ធិបញ្ញាបទចម្រៀងរបស់តារាស្រី Takkatan ទាំងអស់ពីក្រុមហ៊ុនដែលនាងធ្លាប់ច្រៀងនោះ មកប្រគល់ជូនតារាស្រី Takkatan វិញ។ ហើយនេះ ពិតជាកាដូដ៏អស្ចារ្យពីលោក A-Supachai ជូនចំពោះតារាស្រី Takkatan ។ ភ្លាមៗនោះ គេឃើញថា Takkatan ទប់ទឹកភ្នែកមិនជាប់ឡើយ ដល់ថ្នាក់ឱនក្បាលក្រាបសំពះចំពោះលោក A-Supachai នៅនឹងមុខការ Live ផ្ទាល់ទៀតផង។
ដោយឡែក សម្រាប់មហាជនក៏មានការកោតសរសើរចំពោះលោក A-Supachai ដូចគ្នា ដែលមានចិត្តមេត្តា ចំណាយលុយខ្លួនឯង ដើម្បីទិញកម្មសិទ្ធិបញ្ញាជូនតារាស្រី Takkatan។ ក្នុងនោះ លោក A-Supachai ក៏បាននិយាយទៅកាន់តារាស្រី Takkatan ថា ៖ «ពីពេលនេះទៅ កូនលែងច្រៀងបទចម្រៀងត្រឹម ៧ ពាក្យទៀតហើយ កូនអាចច្រៀង រាប់ពាន់ពាក្យ រាប់ម៉ឺនពាក្យបាន តាមតែចិត្តកូនបាន»៕