ចេន រៀបការមានប្រពន្ធហើយនៅធ្វើដូចកូនពៅ ពេលបាននៅក្បែរម្ដាយជាទីស្រឡាញ់
តារាចម្រៀងរូបសង្ហា Original Song ចេន ពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយាបណ្ដូលចិត្តជាអ្នកក្រៅរង្វង់សិល្បៈឈ្មោះ លក្ខិណា បន្ទាប់ពីអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីយ៉ាងអធិកអធមកាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
ចាប់តាំងពីរៀបការក្លាយជាប្ដីប្រពន្ធមក ចេន និង ភរិយាបណ្ដូលចិត្តបានបណ្ដើរគ្នាទៅក្រេបទឹកឃ្មុំយ៉ាងរ៉ូមែនទិកបំផុត ហើយជារឿយៗប្ដីប្រពន្ធថ្មោងថ្មីមួយគូនេះ ក៏តែងថតរូបបង្ហាញពីភាពផ្អែមល្ហែមបង្ហោះលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញផងដែរ។
ទោះបីជាពេលនេះ ចេន បានរៀបការក្លាយជាស្វាមីរបស់គេហើយក៏ដោយ ប៉ុន្ដែម្ចាស់បទ «ជូនអូនទៅរកគេ» រូបនេះ នៅតែជាកូនក្មេងមិនចេះធំពេលលោកបាននៅក្បែរអ្នកម្ដាយជាទីស្រឡាញ់។ តួយ៉ាងថ្មីៗនេះ ចេន បានបង្ហោះរូបថតបង្ហាញពីសកម្មភាពម្ដាយរបស់លោកធ្វើម្ហូបឱ្យលោកផ្ទាល់ដៃ ហើយថែមទាំងបញ្ចុកបាយលោកប្រៀបដូចជា ចេន នៅជាកូនក្មេង។
ក្រៅពីបង្ហាញសកម្មភាពប្រកបដោយក្ដីសុខ និង ភាពកក់ក្ដៅយ៉ាងពេញទីនៅក្នុងរង្វង់គ្រួសារហើយនោះ ចេន ក៏បានសរសេររៀបរាប់ទៀតថា ៖ «ក្តីសុខដ៏ធំបំផុតក្នុងជីវិតខ្ញុំគឺបានញ៉ាំម្ហូបដែលខ្ញុំចូលចិត្តម៉ាក់ធ្វើដោយផ្ទាល់ដៃ ម៉ោះញ៉ាំបាយទាំងអស់គ្នា»៕