បេនីយ៉ាំង ពោលចំអន់កូនប្រុសលេង ខំពពោះសម្រាលមើលថែរាប់ខែតែមុខមិនកាត់ដូច
គិតមកដល់ពេលនេះ តារាសម្ដែងស្រីរូបស្រស់ បេនី យ៉ាំង បានសម្រាលកូនប្រុសដ៏ថ្លោសទ្រលុកទ្រលន់គួរឱ្យស្រឡាញ់ម្នាក់ រយៈពេលជិត ២ ខែហើយ ដោយកូនប្រុសបណ្ដូលចិត្តរបស់នាង លី អាន ហៅ Corsin បានឃើញពន្លឺព្រះអាទិត្យនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។
យ៉ាងណាមិញ ដ្បិតថាចាប់តាំងសម្រាលកូនដំបូងរហូតមកដល់ពេលនេះ គេមិនឃើញវត្តមានឪពុកក្មេងនៅក្បែរមើលថែនាងក៏ដោយ ប៉ុន្ដែ បេនី យ៉ាំង បានបង្ហាញតួនាទីជាម្ដាយដ៏រឹងមាំ ធ្វើជាម្ដាយផង ជាឪពុកផងសម្រាប់កូនប្រុស មើលថែប្រកបដោយការយកចិត្តទុកដាក់ ផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅយ៉ាងពេញលេញ និង ថ្នាក់ថ្នមបានយ៉ាងល្អបំផុតមិនឱ្យរូបគេខ្វះភាពកក់ក្ដៅឡើយ។
ដោយឡែក ក្រោយបង្ហាញការមើលថែទាំកូនប្រុសបណ្ដូលចិត្តយ៉ាងល្អ ដែលឃើញថាកូនប្រុសរបស់នាងលូតលាស់យ៉ាងទ្រលុកទ្រលន់កាន់តែគួរឱ្យក្នាញ់ឡើង ប៉ុន្តែថ្មីៗនេះ ស្រាប់តែ បេនី យ៉ាំង បានពោលពាក្យលេងសើចថាអន់ចិត្តខ្លាំងចំពោះកូនប្រុសនាង ខណៈបង្ហាញរូបភាពកូនខំលះបង់ពពោះមើលថែទាំគ្រប់យ៉ាងបែរជាមុខមាត់កូនមិនកាត់ដូចនាងសោះ។
សារនោះ បេនី យ៉ាំង បានសរសេររៀបរាប់ថា ៖ «ខ្ញុំលះបង់គ្រប់យ៉ាងដើម្បីអ្នក ចុងក្រោយមុខអ្នកមិនដូចខ្ញុំសោះ ខ្ញុំទុកពេលឱ្យអ្នក 2 ឆ្នាំទៀត ជួយផ្លាស់ប្តូរមុខចេញ ត្រូវតែដូចខ្ញុំ 2 ឆ្នាំទៀតបើមុខអ្នកមិនដូចខ្ញុំទេ យើងធ្វើបងប្អូនគ្នា ម៉ួម៉ៅណាស់ អង្គុយមើល 2 ខែហើយមុខនឹង»៕